ភ្នំពេញ ៖ ប្រភេទកីឡាតេក្វាន់ដូ WT និងប្រភេទកីឡា លើកទម្ងន់ បានចាប់ការប្រកួតជាផ្លូវការ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ (SEA Games ២០២៣ ) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅកាន់តែអស្ចារ្យ តាមទីលាន ដែលគណៈកម្មាធិការ រៀបចំការប្រកួតកីឡា SEA Games ២០២៣ ។

ចំពោះប្រភេទកីឡាតេក្វាន់ដូ WT ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ ជ្រោយចង្វារ ដោយមានក្រុមកីឡាករ-កីឡាការិនី មកពីចំនួន ១០ ប្រទេសចូលរួមដូចជាប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា ប្រទេសវៀតណាម ប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី ប្រទេសព្រុយណេ និងសិង្ហបូរី ។

ការអញ្ជើញមកដល់ ប្រកបដោយសុខសុវត្ថិភាពនៃ ប្រធានសហភាព តេក្វាន់ដូ ប្រចាំទ្វីបអាស៊ី បណ្ឌិត សាស្រ្តាចារ្យ Prof. Kyu Seok LEE និងគណ:ប្រតិភូ ដោយទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីលោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ប្រធានខេមរសហពន្ធ័តេក្វាន់ដូ និង ជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ។

ចំណែកប្រភេទកីឡា លើកទម្ងន់ប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅអាគារប៊ូយ៉ុងខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានក្រុមកីឡាករ-កីឡាការិនី មកពីចំនួន ១១ ប្រទេស ចូលរួមដូចជាប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា ប្រទេសវៀតណាម ប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី ប្រទេសព្រុយណេ និងសិង្ហបូរី ៕
