ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ WT កម្ពុជាដណ្តើមមេដាយចំនួន ៥ គ្រឿងក្នុងឱកាសពិធីបើកការប្រកួត ជាផ្លូវការ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ (SEA Games ២០២៣ ) និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅកាន់តែអស្ចារ្យ នៅមជ្ឈមណ្ឌលពិព័រណ៍ អន្តរជាតិជ្រោយចង្វារ ។

មេដាយទំាង៥ គ្រឿនោះរួមមានមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿងសម្រាប់មេដាយប្រាក់ ១ គ្រឿងបានទៅលើកីឡាការិនី វឿន ស៊ីថា វិញ្ញាសាសម្តែងមេគុនឯកត្តជនសេរីនារី មេដាយសំរិទ្ធ បានទៅលើកីឡាករ កែវ មុនី វិញ្ញាសាសម្តែងមេគុន ឯកត្តជនសេរីបុរស និងកីឡាករតេក្វាន់ដូ WT កម្ពុជា ឈន គីមហាក់ ទទួលបានមេដាយសំរិទ្ធ វិញ្ញាសា សម្តែងមេគុនឯកត្តជនបុរស ។

ចំណែកកីឡាការិនីតេក្វាន់ដូ WT កម្ពុជា កីឡាការិនី ម៉ង់ គនិដ្ឋធីតា ទទួលបានមេដាយសំរិទ្ធ វិញ្ញាសាសម្តែងមេគុន ឯកត្តជននារី និងក្រុមកីឡាករ-កីឡាការិនី តេក្វាន់ដូ WT កម្ពុជាទទួលបានមេដាយសំរិទ្ធវិញ្ញាសាសម្តែងមេគុន សេរីជាក្រុមរួមមានកីឡាការិនី ហ៊ីង មុនីបញ្ញា កីឡាការិនី ឈឿង លីណា កីឡាករ សំណាង វ៉ាន់ណែត កីឡាករ សែម សុខហៀង កីឡាករ កែវ មុនី ។

ដោយមានក្រុមកីឡាករ-កីឡាការិនីមកពីចំនួន ១០ ប្រទេសចូលរួមដូចជាប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា ប្រទេសវៀតណាម ប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី ប្រទេសទីម័រ និងសិង្ហបូរី។ ការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣៕


