ថ្ងៃនេះ ប្រភពច្បាស់ការបានបញ្ជាក់ថា ក្លឹប PSG បានសម្រេចដកការពិន័យលើ Lionel Messi រឿងការធ្វើដំណើរទៅអារ៉ាប៊ីសាអ៊ូឌីតដោយមិនមានការអនុញ្ញាតពីក្លឹប។
ដំណឹងនេះត្រូវបានបញ្ជាក់ឲ្យដឹង ពីសំណាក់លោក Christophe Galtier អ្នកចាត់ការក្លឹប PSG។ លោកបាននិយាយថា បន្ទាប់ពីការដកការពិន័យនេះ Messi ត្រូវបានអនុញ្ញាតឲ្យមកចូលហាត់ម្នាក់ឯង តាំងពីដើមសប្ដាហ៍នេះមកម្ល៉េះ ដើម្បីត្រៀមលេងប្រកួតប៉ះជាមួយក្លឹប Ajaccio ក្នុងក្របខ័ណ្ឌលីគកំពូលបារាំង នាចុងសប្ដាហ៍ខាងមុខ។
កាលពីដើមខែនេះ PSG បានដាក់ពិន័យលើ Messi ដោយហាមមិនឲ្យកីឡាករអាហ្សង់ទីន ចូលហាត់ឬចូលលេងឲ្យក្លឹបរយៈពេល ២ សប្ដាហ៍។ ការដាក់ពិន័យនេះ ធ្វើឡើងបន្ទាប់ពីក្លឹបចាប់បានថា Messi បានធ្វើដំណើរទៅអារ៉ាប៊ីសាអ៊ូឌីតដោយមិនមានការអនុញ្ញាតពីក្លឹប។
ក្រោយពីក្លឹបដាក់ពិន័យ Messi បានចេញសារសុំទោសក្លឹប និងមិត្តរួមក្រុម។ បន្ទាប់ពីសារសុំទោសមួយនេះប្រមាណ ១ សប្ដាហ៍ ក្លឹប PSG បានសម្រេចដកការពិន័យនេះវិញ។
ពាក្យចចាមអារ៉ាមជាច្រើន បានលើកឡើងថា Messi បានបដិសេធមិនបន្តកុងត្រាជាមួយ PSG នោះទេ បើទោះជាក្លឹបមានចេតនាចង់បន្តយ៉ាងណាក៏ដោយ។ សេចក្ដីរាយការណ៍មួយចំនួន នាមួយរយៈពេលចុងក្រោយ បានអះអាងថា Messi កំពុងពិចារណាថា គួរតែត្រលប់ទៅក្លឹប Barcelona ឬទៅលេងនៅ Inter Miami នៅសហរដ្ឋអាមេរិក ឬក៏ទៅលេងក្លឹបមហាសេដ្ឋីមួយនៅអារ៉ាប៊ីសាអ៊ូឌីតនៅរដូវកាលក្រោយ៕ Source: Sabay