ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនី កីឡាតេក្វាន់ដូ WT កម្ពុជាដណ្តើមមេដាយចំនួន ៤ គ្រឿងទៀតនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ (SEA Games ២០២៣ ) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅកាន់តែអស្ចារ្យ នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ។
មេដាយទំាង៤ គ្រឿនោះរួមមានមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿងសម្រាប់មេដាយប្រាក់ ១ គ្រឿងបានទៅលើកីឡាការិនី ឈឿង អាលីហ្សា វិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម មេដាយសំរិទ្ធបានទៅលើកីឡាករ មាន សូសាយិ វិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៦៨ គីឡូក្រាម និងកីឡាករតេក្វាន់ដូ WT កម្ពុជា ភូ សួឆេង ទទួលបានមេដាយសំរិទ្ធ វិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៨៧ គីឡូក្រាម។
ចំណែកកីឡាការិនីតេក្វាន់ដូ WT កម្ពុជា កីឡាការិនី ជាង ប៊ុនណា ទទួលបានមេដាយសំរិទ្ធ វិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៧៣ គីឡូក្រាម ។ដោយមានក្រុមកីឡាករ-កីឡាការិនីមកពីចំនួន ១០ ប្រទេសចូលរួមដូចជាប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា ប្រទេសវៀតណាម ប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី ប្រទេសទីម័រ និងសិង្ហបូរី។ ការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣៕ ដោយ៖លី ភីលីព




