ភ្នំពេញ៖ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ប្រភេទកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកបានបញ្ចប់ជាស្ថាពរ ហើយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ នៅសាលនៃពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីបានបញ្ចប់លើវិញ្ញាសាបន្ថែម ដោយម្ចាស់ផ្ទះកម្ពុជាទទួលបានមេដាយសរុប ប្រាក់១ និងសំរឹទ្ធ៣គ្រឿង។
វិញ្ញាសាពីរបន្ថែមនៅវគ្គផ្តាច់ព្រ័ត្រ សម្រាប់ថ្ងៃអាទិត្យនេះ គឺវិញ្ញាសាកាយសម្ព័ន្ធអាអេរ៉ូប៊ិកគូ ដោយមេដាយមាស ដណ្តើមបានដោយអត្តពលិកវៀតណាម ធ្វើសម្រេចក្នុងពិន្ទុ ១៩.២៣៣, មេដាយប្រាក់ បានមកលើកម្ពុជា ដោយកីឡាករ ហាស់ សុខហ៊ និងកីឡាការិនី ម៉ូ ស្រីពៅ ធ្វើបានក្នុងពិន្ទ ១៨.៧១៧ ខណៈមេដាយសំរឹទ្ធបានទៅលើអត្តពលិកហ្វីលីពីន ធ្វើបានក្នុងពិន្ទុ ១៨.២៦៧។
ចំពោះវិញ្ញាសាអាអេរ៉ូប៊ិកជាក្រុម មេដាយមាស ដណ្តើមបានដោយអត្តពលិកវៀតណាម, មេដាយប្រាក់ ថៃ និងមេដាយសំរឹទ្ធ ដណ្តើមបានដោយអត្តពលិកកម្ពុជា ដោយកីឡាការិនី ម៉ូ ស្រីពៅ, ស៊ីវ ចន្ថា, ឌឹម អនធីតា, ណេម សុខហេង និងកីឡាការិនី ឈួន សុវណ្ណបញ្ញា។
គួរបញ្ជាក់ថា ប្រភេទកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកមាន៥វិញ្ញាសា ដោយវៀតណាមដណ្តើមបានមេដាយមាសទាំង៥វិញ្ញាសា, ថៃ មេដាយប្រាក់៤, កម្ពុជា ទទួលបានមេដាយប្រាក់១ និងសំរឹទ្ធ៣ ខណៈហ្វីលលីពីន មេដាយសំរឹទ្ធ២គ្រឿង។
ថ្លែងក្រោយបញ្ចប់ការប្រកួត លោក ណយ ផាណា ទីប្រឹក្សាក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាមានប្រសាសន៍ថា ការប្រកួតបានបញ្ចប់ជាស្ថាពរហើយ ដោយក្នុងនោះមានប្រភេទកីឡាកាយសម្ព័ន្ធអាទីស្ទីក សរុបចំនួន៨វិញ្ញាសា ដោយកម្ពុជាមិនទទួលបានលទ្ធផលទេ។ ចំពោះផ្នែកកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកមាន៥វិញ្ញាសា គឺកម្ពុជាទទួលបានមេដាយប្រាក់១ និងសំរឹទ្ធ៣ប៉ុណ្ណោះ។ បើផ្អែកលើផ្នែកបច្ចេកទេស គឺយើងទទួលយកនូវការពិត ដោយការដាក់ផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា គឺយើងដាក់ខ្ពស់ជាងនេះ ប៉ុន្តែកីឡាករ កីឡាការិនីរបស់កម្ពុជាមានបញ្ហាបន្តិចបន្តួច (កីឡាការិនីម្នាក់មានបញ្ហាចង្កេះ)។
ដូច្នេះលទ្ធផលនេះ យើងបានប្រឹងប្រែងអស់ពីលទ្ធភាពហើយៗក៏ជាលទ្ធផលមួយដែលមិនសូវបានល្អប្រសើរ ស្របទៅផែនការរបស់យើង។ ការប្រកួតកីឡាមានចាញ់ ហើយនិងឈ្នះ។ ដូច្នេះលទ្ធផលនេះ គឺត្រូវតែទទួលយក ដោយនេះគឺជាការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក្រោមការលើកទឹកចិត្តពីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា រួមទាំងការគាំទ្រលើកទឹកចិត្តពីថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ CAMSOCផងដែរ៕
ដោយ៖លី ភីលីព











