(រាជធានីភ្នំពេញ)៖ពីរាជធានីភ្នំពេញ ទៅទីក្រុងឡុងដ៍មានចម្ងាយដល់ទៅជិត ១៤,០០០ គីឡូម៉ែត្រ (៨,៦២៤ ម៉ាយ) ឯណោះ ប៉ុន្តែសម្រាប់កុមារាកុមារីកម្ពុជា ដ៏សំណាងទាំងបួនរូបនេះ ការធ្វើដំណើរក្នុងពេលខាងមុខទៅកាន់ទីក្រុងឡុងដ៍គឺនៅជិតបង្កើយ ហើយផ្ទុយទៅវិញ ការធ្វើដំណើរនេះនឹងក្លាយជាបទ ពិសោធន៍ដ៏អស្ចារ្យ និងសំខាន់បំផុតក្នុងឆាកជីវិតរបស់ពួកគេ ដែលវាក៏ជាការចងចាំដ៏វិសេសវិសាល ពេញមួយជីវិតរបស់កុមារទាំងនេះផងដែរ ។
កុមារី២ រូប និងកុមារា ២ រូប អាយុពី ១១ ដល់១៣ឆ្នាំ ជាកីឡាករ-កីឡាការិនី របស់អង្គការផ្កាយសមុទ្រនឹងធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ជាទីក្រុងប្រវត្តិសាស្ត្រពោរពេញ ទៅដោយសំណង់ អគារ បុរាណរាប់មិនអស់ ប្រជាជនចម្រុះជាតិសាសន៍ កន្លែងទេសចរណ៍ដ៏ទាក់ទាញគ្មានពីរជាច្រើន ជា ពិសេស វាក៏ជាទីកន្លែង ដែលក្រុមបាល់ទាត់ជើងខ្លាំងល្បីៗលំដាប់ពិភពលោក បានចាប់កំណើតឡើង ផងដែរ ។ នៅថ្ងៃទី២០ ខែឧសភាខាងមុខនេះ កុមារកម្ពុជាទាំងបួនរូបនេះនឹងធ្វើជាកុមារ ដឹកដៃអមកីឡាករល្បីៗ របស់ក្លឹបបាល់ទាត់ Tottenham Hotspur ដើរក្នុងព្រឹត្តិការណ៍បើកការប្រកួត Premier League ដែលពួកគេនឹងប្រកួតតទល់នឹងក្រុមបាល់ទាត់ Brentford ។
គួរបញ្ជាក់ផងដែរថា សម្រាប់ការចំណាយ ក្នុងការធ្វើដំណើររបស់កុមារាកុមារី ទាំងបួនរូបនេះគឺត្រូវបានឧបត្ថម្ភទាំងស្រុងដោយ AIA Group រួមមានថ្លៃសំបុត្រយន្តហោះ ទិដ្ឋាការ មធ្យោបាយធ្វើដំណើរ ការស្នាក់នៅ និងដំណើរកម្សាន្តទៅកាន់ ទីកន្លែងជាច្រើនក្នុងទីក្រុងឡុងដ៍ជាដើម ។ ដោយឡែក ការធ្វើដំណើរនេះក៏ទទួលបានការគាំទ្រ និងសម្របសម្រួលដោយក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត និងសុខភាព AIA Cambodia ផងដែរ ។
នេះគឺជាការធ្វើដំណើរទៅក្រៅប្រទេសលើកដំបូង បង្អស់ក្នុងជីវិតរបស់កុមារាកុមារីកម្ពុជា ទាំងបួនរូបនេះ ដែលសុទ្ធសឹងតែមានជីវភាពក្រីក្របំផុត ។ ពេលនេះពួកគេមានឱកាសកាន់លិខិតឆ្លងដែន ដែល មានភ្ជាប់ទិដ្ឋាការ និងអង្គុយលើកៅអីយន្តហោះជាលើក ដំបូងក្នុងឆាកជីវិតរបស់ពួកគេ ។ កុមារកម្ពុជា ក្រីក្រទាំងនេះទទួលបានការរៀនសូត្រឡើងវិញ និងបានបន្តទៅរៀននៅសាលារដ្ឋ ដោយមានការ ឧបត្ថម្ភគាំទ្ររបស់អង្គការផ្កាយសមុទ្រ ដោយពួកគេធ្លាប់បានបោះបង់ ការសិក្សាអស់រយៈពេលជា ច្រើនឆ្នាំ ដើម្បីជួយរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ ។
ពីកុមារាកុមារី ដែលធ្លាប់តែទាត់បាល់លើដីវាល មិនមានស្មៅក្នុងសហគមន៍ ដែលគេរស់នៅ ហើយ បានក្លាយជាកុមារ ដែលមានវាសនាអាចកាន់ដៃកីឡាករ ពិភពលោកល្បីៗដើរនៅលើទីលានស្មៅខៀវ ខ្ចីរបស់ Premier League គឺជាក្តីស្រមៃ ដែលកុមារកម្ពុជាក្រីក្រទាំងបួន រូបនេះ ពុំធ្លាប់បានគិតពីមុនមក នោះឡើយ ។
សម្រាប់ព័ត៌មានលម្អិតអំពីកុមារាកុមារីទាំងបួនរូបនេះ សូមទំនាក់ទំនងមកកាន់ពួកយើង តាមរយៈ លេខទំនាក់ទំនងដូចខាងក្រោម ។ ការធ្វើដំណើរបស់កុមារៗទាំងនេះ ទៀតសោតនឹងអមដំណើរដោយ លោក យិន សាមឌី ប្រធានគ្រប់់គ្រងកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ និងអ្នកស្រី ជួប វិច្ឆិកា អគ្គនាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្រ៕
ដោយ៖លី ភីលីព