ភ្នំពេញ ៖ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៣ លោក វង សូត រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល ជាមួយកីឡាករជនមានពិការភាព និងគ្រូបង្វឹក ដែលត្រៀមបើកព្រឹត្តការណ៍ ការប្រកួតកីឡាអាស៊ានប៉ារ៉ា ហ្គេមលើកទី១២ នៅរាជធានីភ្នំពេញ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ។

ព្រឹត្តការណ៍ការប្រកួត កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ មានការចូលរួមពីបណ្តា ប្រទេសដូចជា ប្រទេសប្រុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ទីម័រ និងប្រទេសកម្ពុជា ដែលមានកីឡាករ កីឡាការិនី ចូលរួមសរុប ១,៤២៣នាក់ លើប្រភេទកីឡាចំនួន ១៤ ត្រូវនឹង ១៦០ វិញ្ញាសា ក្នុងនោះមានកីឡាករ-កីឡាការិនីកម្ពុជា យើងចំនួន ៣១៧នាក់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមប្រកួតដណ្តើមមេដាយ ជូនជាតិមាតុភូមិយើង ៕



