ភ្នំពេញ ៖ ម្ចាស់មេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធប្រភេទកីឡាគុនខ្មែរ និងឃិតបុកស៊ីងកម្ពុជា ដែលដណ្តើមបានក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រព្រឹត្តទៅកាន់តែអស្ចារ្យ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៧០លានរៀល ពីក្រុមហ៊ុនទឹកស្រ្ពីងប្រូវីដា ។

ក្នុងឱកាសពិធីប្រគល់ប្រាក់ លើកទឹកចិត្តដល់កីឡាករ-កីឡាការិនី កីឡាគុនខ្មែរ និងឃិតបុកស៊ីង នាថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៣ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់ គុនខ្មែរ លោក ហេង សុខឃន ប្រធានសហព័ន្ធ កីឡាឃិតបុកស៊ីងកម្ពុជា និង លោក អុឹង ស៊ីវឈន់ ជាអគ្គនាយកក្រុមហ៊ុនទឹកស្រ្ពីងប្រូវីដា ។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថា លោកពិតជាសប្បាយចិត្ត ជំនួសក្រុមកីឡាករ-កីឡាការិនីកីឡាគុនខ្មែរ និងឃិតបុកស៊ីង ដែលលោក អុឹង ស៊ីវឈន់ ជាអគ្គនាយកក្រុមហ៊ុនទឹកស្រ្ពីងប្រូវីដាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើ វិស័យទំាង ២ របស់កម្ពុជា និងបានជួយឧបត្ថម្ភ ជាថវិកាចំនួន ៧០ លានរៀលថែមទៀត ។

លោកប្រធានបន្តថា សម្រាប់កីឡាគុនខ្មែរដណ្តើមបានមេដាយមាសចំនួន ១៤ គ្រឿង មេដាយប្រាក់ចំនួន ៣ គ្រឿង និងមេដាយសំរិទ្ធចំនួន ១៤ គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 ចំណែកកីឡាឃិតបុកស៊ីងវិញដណ្តើមបានមេដាយមាសចំនួន ៦ គ្រឿង មេដាយប្រាក់ចំនួន ១ គ្រឿង និងមេដាយសំរិទ្ធចំនួន ៦ គ្រឿង សរុបទាំងអស់ចំពោះកីឡាទំាង២ រួមមានដណ្តើមបានមេដាយមាសចំនួន ២០ គ្រឿង មេដាយប្រាក់ចំនួន ៤ គ្រឿង និងមេដាយសំរិទ្ធចំនួន ៨ គ្រឿង។
សម្រាប់មេដាយមាស នឹងទទួលបានប្រាក់ ឧបត្ថម្ភចំនួន ២ លានរៀល មេដាយប្រាក់ នឹងទទួលបានប្រាក់ ឧបត្ថម្ភចំនួន ១ លានរៀល មេដាយសំរិទ្ធនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥០ ម៉ឺនរៀល និងគ្រូបង្វឹក និងគ្រូជំនួយក៏ទទួលបានប្រាក់ឧបត្ថម្ភផងដែរ៕

