កីឡា

ក្រុមយុវជន ឃុំពាមឧកញ៉ាអុង គ្រងតំណែងជើងឯក ការប្រកួតបាល់ទាត់ មហាជនប្រចាំស្រុកល្វាឯម ពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ២០២៣

ស្រុកល្វាឯម ៖ ក្រុមបាល់ទាត់យុវជន ឃុំពាមឧកញ៉ាអុង បានគ្រងតំណែងជើងឯក ក្នុងការប្រកួតបាល់ទាត់ មហាជនប្រចាំស្រុកល្វាឯម ពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ២០២៣ នៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង នៅស្រុកល្វាឯម នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីយកឈ្នះ លើក្រុមបាល់ទាត់យុវជន ល្ខោនខោលវត្តស្វាយអណ្ដែត ដោយគ្រាប់ប៉េណាល់ទី លទ្ធផល២ទល់នឹង០ ។

ក្នុងឱកាសពិធីបិទ ជាផ្លូវការដោយមានការអញ្ជើញជាអធិបតីភាព ពីសំណាក់លោក ជូ វណ្ណៈ អនុប្រធានទី២ ក្រុមការងារចុះជួយ ចលនាយុវជន ស្រុកល្វាឯម តំណាង ឲ្យលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុម ការងារ រាជរដ្ឋាភិបាល ចុះជួយស្រុកល្វាឯម លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម និងលោក ចាន់ តារា អភិបាល នៃគណៈអភិបាល ក្រុងអរិយក្សត្រ ។

ក្រុមបាល់ទាត់បុរស ៖ក្រុមបាល់ទាត់យុវជន ឃុំពាមឧកញ៉ាអុង បានគ្រងតំណែងជើងឯក ទទួលបានប្រាក់រង្វាន់ទឹកប្រាក់ចំនួន ៦ លានរៀល ក្រុមបាល់ទាត់យុវជន ល្ខោនខោលវត្តស្វាយអណ្ដែត ជើងឯករងទទួលបានប្រាក់រង្វាន់ទឹកប្រាក់ចំនួន ៤ លានរៀល ក្រុមបាល់ទាត់យុវជន ឃុំសារិកាកែវ ជាប់ចំណាត់ថ្នាក់លេខ ៣ ទទួលបានប្រាក់រង្វាន់ទឹកប្រាក់ចំនួន ៣ លានរៀល ក្រុមបាល់ទាត់យុវជនឃុំអរិយក្សត្រ ជាប់ចំណាត់ថ្នាក់លេខ ៤ ទទួលបានប្រាក់រង្វាន់ ទឹកប្រាក់ចំនួន ២ លានរៀល និងក្រុមបាល់ទាត់ទំាង១២ ក្រុមទទួលបានឧបត្ថម្ភទឹកប្រាក់ចំនួន ១ លានរៀល ។

ចំពោះក្រុមបាល់ទាត់នារី ៖ក្រុមបាល់ទាត់នារី វិទ្យាល័យ ហ៊ុនសែន ទឹកឃ្លាំង បានគ្រងតំណែងជើងឯក ទទួលបានប្រាក់រង្វាន់ទឹកប្រាក់ចំនួន ២ លានរៀល ក្រុមបាល់ទាត់នារី វិទ្យាល័យ ហ៊ុនសែន ល្វាស បានគ្រងតំណែងជើងឯករង ទទួលបានប្រាក់រង្វាន់ទឹកប្រាក់ចំនួន ១.៥ លានរៀល ក្រុមបាល់ទាត់នារី ឃុំសារិកាកែវជាប់ចំណាត់ថ្នាក់លេខ ៣ ទទួលបានប្រាក់រង្វាន់ទឹកប្រាក់ចំនួន ១ លានរៀល និងក្រុមបាល់ទាត់នារី ឃុំទឹកឃ្លាំងជាប់ចំណាត់ថ្នាក់លេខ ៤ ទទួលបានប្រាក់រង្វាន់ ទឹកប្រាក់ចំនួន ៧០ម៉ឺនរៀល ។

លោក កន សុខកាយ បានមានប្រសាសន៍ថា ការប្រកួតនេះធ្វើឡើង ផ្តល់ឪកាសដល់យុវជន បំពេញនូវក្តីប្រាថ្ញា ព្រមទាំងបានបញ្ចេញនូវសមត្ថភាព ការចូលរួមទស្សនា សម្រាប់អ្នកគាំទ្រ ស្រលាញ់កីឡាជាមួយនឹងស្នាមញញឹម សាមគ្គីភាព មិត្តភាព ភាតរភាព និងទំនាក់ទំនងជាសារវន្ត ដែលមិនអាចខ្វះបានឡើយ ។ បច្ចុប្បន្ននេះរដ្ឋបាលស្រុកល្វាឯម បាននឹងកំពុងយកចិត្តទុកដាក់ពង្រឹង គុណភាព នៃរៀបចំការប្រកួតតាមស្តង់ដារកម្រិតខ្ពស់ មានជាអាទិ៍សម្រាប់ក្រុមកីឡាបាល់ទាត់ យុវជនតាមនៅបណ្តាឃុំទូទាំងស្រុក ពិសេសបានផ្តល់ឳកាសដល់យុវជន ក្នុងមូលដ្ឋានស្រុកបានចូលរួម លឹងកីឡាបាល់ទាតដែលមានមន្រី្តជំនាញ កំពុងរៀបចំផែនការការអភិឌ្ឍនវិស័យកីឡា ជំរុញ និងលើកទឹកចិត្តដល់យុវជន យុវតីឲ្យលេងកីឡាទំាងអស់គ្នា ដើម្បីឲ្យចៀសផុត ពីគ្រឿងអបាយប្រមុខផ្សេងៗ ដែលនាំឲ្យប៉ះពាល់ កិត្តិយសគ្រួសារ ខ្លួនផ្ទាល់ និងប្រទេសជាតិទំាងមូល ។

លោកបានបន្តថា ការប្រកួតបាល់ទាត់មហាជន ប្រចាំស្រុកល្វាឯម ពានរង្វាន់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ២០២៣ មានក្រុមចូលរួមចំនួន ២០ ក្រុម បែងចែកចេញជា៤ពូល ក្នុងពូលនីមួយៗមាន៤ក្រុម ហើយការប្រកួតប្រព្រឹត្តិទៅ នៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង។ ចំពោះក្រុមទំាង២០ មកពីឃុំទំាង១៥មកនៅស្រុកល្វាឯម សម្រាប់ពូល A ក្រុមបាល់ទាត់ យុវជនអធិរាជជ្រោយពិសី ក្រុមបាល់ទាត់យុវជនវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង ក្រុមបាល់ទាត់យុវជនឃុំកោះរះ និងក្រុមបាល់ទាត់ យុវជនឃុំសារិកាកែវ ។ ពូល B ក្រុមបាល់ទាត់យុវជនល្ខោនខោល វត្តស្វាយអណ្តែត ក្រុមបាល់ទាត់ យុវជនឃុំថ្មគរ ក្រុមបាល់ទាត់យុវជនឃុំកោះកែវ និងក្រុមបាល់ទាត់យុវជនឃុំភូមិធំ ។

ចំពោះពូល C ក្រុមបាល់ទាត់យុវជន ឃុំពាមឧកញ៉ាអុង ក្រុមបាល់ទាត់ យុវជនឃុំព្រែកឬស្សី ក្រុមបាល់ទាត់ ក្រុមបាល់ទាត់ យុវជនឃុំព្រែករៃ និងក្រុមបាល់ទាត់យុវជនឃុំសំបួរ ដោយឡែកពូល D ក្រុមបាល់ទាត់ យុវជនក្មេងវត្តល្វាស ក្រុមបាល់ទាត់ យុវជនឃុំអរិយក្សត្រ ក្រុមបាល់ទាត់ យុវជនវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង និង ក្រុមបាល់ទាត់ យុវជនឃុំបឹងគ្រំ៕

Most Popular

To Top