ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញ ពិធីជួបសំណេះសំណាល និងទស្សនា របស់កីឡាករ-កីឡាការិនី ជនពិការលើវិញ្ញសា កីឡាបូស្យា ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នៅសាលដំបូលទូក នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមាន ប្រសាសន៍ថា ខ្ញុំមានកិត្តិយស និងក្តីសោមនស្សរីករាយ ដោយបានជួបសំណេះសំណាល កីឡាករ-កីឡាការិនី ជនពិការលើវិញ្ញសាកីឡាបូស្យា ក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម “Para Games” លើកទី១២ ឆ្នាំ២០២៣នាពេលនេះ ។ ព្រឹត្តិការណ៍កីឡា Para Games ត្រូវបានរៀបចំឡើង ក្រោមម្លប់ដំបូលសន្តិភាព ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានកំណត់គោលដៅ និងប្រធានបទរបស់កីឡាជាមូលដ្ឋាន «កីឡារស់ក្នុងសន្តិភាព ជាពិសេស ជាកំណត់ត្រាប្រវត្តិសាស្ត្រមួយ សម្រាប់ប្រជាជនកម្ពុជា ដែលបានរងចាំអស់រយៈពេល ជាង៦៤ឆ្នាំកន្លងមកហើយ ។
លោករដ្ឋមន្ត្រីក្រសួងអប់រំ បានបន្តថា ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឲ្យការប្រកួតកីឡាលើកទម្ងន់ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា Para Games ឆ្នាំ២០២៣ នាពេលនេះ ឲ្យទទួលបាននូវលទ្ធផលល្អ និងជោគជ័យគ្រប់ៗគ្នា និងសូមជូនពរប្រតិភូកីឡា កីឡាករ -កីឡាការិនី សូមមានផាសុខភាព ជាមួយនិងភាពសប្បាយរីករាយ ក្នុងការស្នាក់នៅព្រះរាជាណាចក្រកម្ពុជា។
ព្រឹត្តការណ៍ការប្រកួត កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ មានការចូលរួមពីបណ្តាប្រទេសដូចជា ប្រទេសប្រុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ទីម័រ និងប្រទេសកម្ពុជា ដែលមានកីឡាករ កីឡាការិនី ចូលរួមសរុប ១,៤២៣នាក់ លើប្រភេទកីឡាចំនួន ១៤ ត្រូវនឹង ១៦០ វិញ្ញាសា ក្នុងនោះមានកីឡាករ-កីឡាការិនីកម្ពុជាយើង ចំនួន ៣១៧នាក់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមប្រកួតដណ្តើមមេដាយ ជូនជាតិមាតុភូមិយើង ៕