កីឡា

លោក ដួង មាសចំរើន ៖ វគ្គបំប៉ន មានសារសំខាន់ ចំពោះសហព័ន្ធកីឡាជាតិ ដើម្បីពង្រឹងសមត្ថភាព និងបង្កើនធនធាន មន្រ្តីកីឡា តាមស្តង់ដា ក្នុងតំបន់

ប្រភព ៖ សហព័ន្ធ

ភ្នំពេញ ៖ លោក ដួង មាសចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា និងជាតំណាងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញ ចូលរួមពិធីបើកវគ្គបំប៉ន ស្តីពីការរៀបចំការប្រកួត និងគ្រប់គ្រងព្រឹត្តិការណ៍ កីឡាចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំ នាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍ កីឡាក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។

រូបភាពសហព័ន្ធ

លោក ហួត សេងទ្រី បានប្រាប់ឲ្យដឹងថា វគ្គបំប៉ន ស្តីពីការរៀបចំការប្រកួត និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានសិក្ខាកាមចំនួន ៤៦នាក់ មកពីសហព័ន្ធកីឡាជាតិ និងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដែលត្រៀមរៀបចំការ ប្រកួតជ្រើស រើសជើងឯក តាមសហព័ន្ធកីឡាជាតិ និងអន្តរជាតិផ្សេងៗ វគ្គនេះមានរយៈពេល៣ថ្ងៃ ។ វគ្គបំប៉ន ស្តីពីការរៀបចំការប្រកួត និងគ្រប់គ្រង ព្រឹត្តិការណ៍កីឡានេះ ពិតជាមានសារសំខាន់ សម្រាប់សិក្ខាកាម ដើម្បីពង្រឹងសមត្ថភាព និងបង្កើនធនធាន មន្រ្តីកីឡា នៅតាមសហព័ន្ធកីឡាជាតិ អោយការរៀបចំមានស្តង់ដា តែមួយ ស្របទៅតាមលក្ខណៈជាតិ និងអន្តរជាតិ ។

រូបភាពសហព័ន្ធ

លោក ដួង មាសចំរើន បានមានប្រសាសន៍ថា វគ្គបំប៉ន ដ៏មានសារសំខាន់នេះ សម្រាប់ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាព និងបង្កើនធនធានមន្រ្តី កីឡា នៅតាមសហព័ន្ធកីឡាជាតិ ឲ្យការរៀបចំមានស្តង់ដា ស្របតាមការរៀបចំក្នុងតំបន់ ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំសុខសន្តិភាពពេញលេញជូនប្រទេសជាតិ និងការ អភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ ក៏មានវិស័យអប់រំកាយ និងកីឡាផងដែរ ។ ស្របតាមគោលដៅ យុទ្ធសាស្ត្រចតុកោណ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ និងបរិបទ នៃការរីកចម្រើន វិស័យកីឡាជាតិ តំបន់ និង ពិភពលោក ។

រូបភាពសហព័ន្ធ

លោកអគ្គនាយករងបានបន្តថា ក្រសួងអប់រំ យុវជន និង កីឡា ក្រោមការដឹកនាំ របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានរៀបចំគោល នយោបាយកីឡាជាតិ ស្តីពីការអភិវឌ្ឍ វិស័យអប់រំកាយ និងកីឡា និង បានធ្វើកំណែ ទម្រង់ស៊ីជម្រៅការងារអប់រំកាយ និងកីឡាធ្វើឲ្យកម្ពុជា ទទួលលទ្ធផល នៃកំណែទម្រង់នេះសម្រាប់ព្រឹត្តិការណ៍កីឡាSEA GAMES កម្ពុជា ទទួលបានចំណាត់ថ្នាក់ទី៤ មេដាយសរុប ២៨២គ្រឿង ក្នុងនោះមាស ៨១គ្រឿង ប្រាក់ ៧៤ គ្រឿង សំរឹទ្ធិ ១២៧គ្រឿង និងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម កម្ពុជាទទួល បានចំណាត់ថ្នាក់ទី៨ ទទួលបានមេដាយសរុបចំនួន ៧០គ្រឿង ក្នុងនោះមាស ៩គ្រឿង ប្រាក់ ១៨គ្រឿង និងសំរឹទ្ធិ ៤៣គ្រឿង ដែលជាប្រវត្តិសាស្រ្តថ្មីមួយទៀត ដែលកម្ពុជាធ្វើបាន៕
ដោយ៖លី ភីលីព

Most Popular

To Top