ភ្នំពេញ ៖ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ ត្រៀមនឹងបញ្ជូនគ្រូបង្វឹក និងក្រុមកីឡាករ-កីឡាករតេក្វាន់ដូ WT ចំនួន ៥ នាក់ចូលរួមព្រឹត្តិការណ៍ កាប្រកួតកីឡាសាកលវិទ្យាល័យ រដូវក្តៅពិភពលោកលើកទី៣១ នៅទីក្រុង Chengdu សាធារណរដ្ឋប្រជាមានិតចិន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ ។

លោក ឆយ យ៉ុងសុក គ្រូបង្វឹកតេក្វាន់ដូ WT បាននិយាយថា ការប្រកួតកីឡាសាកលវិទ្យាល័យរដូវក្តៅពិភពលោកលើកទី៣១ នៅប្រទេសចិនឆ្នាំនេះខេមរសហព័ន្ធកីឡាតេក្វាន់ដូបញ្ជូនចំនួន ៥ នាក់រួមមានរូបលោកជាគ្រូបង្វឹក កីឡាករតេក្វាន់ដូ WT សំ យូដេត កីឡាករ វ៉ា មិថុនា កីឡាការិនី ឈឿង អាលីហ្សា និងកីឡាការិនី គ្រី លីដែន។

ខេមរសហព័ន្ធប្រកួតលើវិញ្ញាសាប្រយុទ្ធ ៤ ប្រភេទទម្ងន់ដូចជាកីឡាករតេក្វាន់ដូ WT សំ យូដេត ប្រភេទទម្ងន់ក្រោម ៥៨ គីឡូក្រាម កីឡាករ វ៉ា មិថុនា ប្រភេទទម្ងន់ក្រោម ៧៨ គីឡូក្រាម កីឡាការិនី ឈឿង អាលីហ្សា ប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម និងកីឡាការិនី គ្រី លីដែន ប្រភេទទម្ងន់ក្រោម ៤៩ គីឡូក្រាម។

ប្រកួតកីឡាសាកលវិទ្យាល័យ រដូវក្ដៅពិភពលោកលើកទី៣១ មានថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន១៩ នាក់ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ នៃក្រសួង អយក ប្រធានប្រតិភូ លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួង អយក នាយបេសកកម្ម លោក បឹង គឹមតោ ប្រធាននា.អកសន នាយរងបេសកកម្ម លោក ឈឹម សំបឿន ប្រធានការិ.ផែនការនា.អកសន ទទួលបន្ទុកហិរញ្ញវត្ថុ លោក ចាប រតនា អនុការិ.អន្តរជាតិ នា.រពកឡ ទទួលបន្ទុករដ្ឋបាល។

ចំណែកលោក សុខ អាង គ្រូបង្វឹកកីឡាគុនដាវ កីឡាករ សារឿន ស័កនុ កីឡាករ ថុង តាំងជីន កីឡាករ វ៉ា ណាថាន់ និងកីឡាករ ភន ឈាងហ័ង ។ លោក ខៀវ សំណាង គ្រូបង្វឹកកីឡាអត្តពលកម្ម កីឡាករ អត្តពលកម្ម យ៉ាតពិទូ ចាន់ទិវា កីឡាករ អត្តពលកម្ម យ៉ាន់ ចាន់ និងកីឡាការិនី អត្តពលកម្ម នាង ម៉ូនីកា ៕
ដោយ៖លី ភីលីព
