ភ្នំពេញ៖ទិវារត់ប្រណាំងម៉ារ៉ាតុង ចក្រភពខ្មែរ លើកទី៨ ដែលគ្រោងនឹងធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាបទទួលបានការចុះឈ្មោះពីអ្នករត់ជាតិ និងអន្តរជាតិជាង ២០០០នាក់ហើយ ខណៈគណៈកម្មការរៀបចំនៅបន្តការទទួលចុះឈ្មោះនៅឡើយ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងសន្និសីទសារព័ត៌មានព្រឹកថ្ងៃអង្គារនេះបានមានប្រសាសន៍ថា អំពាវនាវដល់អ្នករត់ជាតិ និងអន្តរជាតិចុះឈ្មោះហរត់ប្រណាំងក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំនេះឲ្យបានកើនឡើងបន្ថែមទៀត ពីព្រោះព្រឹត្តិការណ៍កីឡាដ៏មានសារៈសំខាន់មួយនេះមិនត្រឹមផ្តល់ឲ្យយើងទទួលបានមិត្តភាព សាមគ្គីភាព និងសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមបរិច្ចាគទៅកាន់កិច្ចការសង្គម និងសប្បុរសធម៌ ជាពិសេសផ្តល់ជូនដល់មន្ទីរពេទ្យកុមារ ដែលកំពុងបំពេញបេសកកម្មសង្គ្រោះអាយុជីវិតកុមារកម្ពុជា។
លោកវ៉ាត់ ចំរើនបសនបន្ត ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិនេះធ្វើឡើង ក្នុងបំណងលើកស្ទួយវិស័យ កីឡាទេសចរន៍ នៅកម្ពុជាហើយក៏ដើម្បីប្រមូលថវិកាដែលបាន ពីការចុះឈ្មោះចូលរួមប្រកួតនេះសម្រាប់ជួយ ដល់កិច្ចការមនុស្សធម៌ដូចជាមន្ទីរពេទ្យ និងអង្គការមនុស្សនានា។
មកទល់ពេលនេះការចុះឈ្មោះចូលរួមប្រកួត នៅតែបន្តនៅឡើយទេហេតុនេះអ្នកដែល មានបំណងចូលរួមប្រកួតសូមរួសរាន់ចុះឈ្មោះដើម្បីងាយស្រួល ដល់គណៈកម្មការរៀបចំលេខអាវ រួមជាមួយវត្ថុអនុស្សាវរីយ៍នានាជូន។
ព្រឹត្តិការណ៍នេះនឹងផ្តល់ឱកាស ពិសេសមួយសម្រាប់អ្នករត់ប្រណាំងទាំងអស់ជុំវិញពិភពលោក ដើម្បីទទួលយកបទពិសោធន៍នៃដំណើរបុរាណក្នុង តំបន់បេតិកភណ្ឌពិភពលោក តាមរយៈប្រាសាទបុរាណជិត ៤០ នៅតាមបណ្តោយផ្លូវដ៏រលូនស្អាត ដែលស្ទើរតែកាត់ព្រៃ និងវាលស្រែរបស់អ្នកភូមិ។
ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអាណាចក្រខ្មែរមានអ្នករត់ជាង៣ពាន់នាក់ មកពី៤៩ប្រទេស ហើយការរត់ម៉ារ៉ាតុងអាណាចក្រខ្មែរលើកទី៨នឹង ប្រព្រឹត្តិទៅនៅថ្ងៃទី០៦ខែសីហាឆ្នាំ២០២៣ នៅទីក្រុងបុរាណនៃអាណាចក្រអាណាចក្រនៃសតវត្សន៍ទី១១ ដោយមានអ្នករត់ប្រណាំងជាង២០០០នាក់។
.អ្នករត់នឹងទទួលបាននូវបទពិសោធន៍ប្លែក ពីគេជាមួយបរិយាកាសបុរាណនិង ទេសភាពធម្មជាតិតាមដងផ្លូវកាត់វាលស្រែព្រៃភូមិប្រពៃណី និងប្រាសាទបុរាណនៅចំកណ្តាលអង្គរសម័យ។
ក្រុមការងាររៀបចំព្រឹត្តិការណ៍កម្ពុជាជាមួយអង្គការជាតិ និងអន្តរជាតិសូមអញ្ជើញអ្នករត់ ប្រណាំងអាជីពនិងស្ម័គ្រចិត្តទាំងអស់ជុំវិញពិភពលោកមក ចូលរួមក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុងដ៏ពិសេសនេះ ដើម្បីបង្ហាញពីមិត្តភាពនិងការគាំទ្រដ៏សប្បុរសបំផុត ដល់ជនពិការនិងកុមារក្រីក្រនៅកម្ពុជា។
លោក សែម ផល្លា នាយកចាត់ការទូទៅនៃទិវារត់ប្រណាំងនៅ កម្ពុជាគូសបញ្ជាក់ដែរថា ដូចជារៀងរាល់ឆ្នាំដែរ ទិវានេះនឹងបន្តផ្តោតសំខាន់លើគុណភាព ដោយយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងថែទាំសុខភាពដល់អ្នករត់ប្រណាំងទាំងឡាយ តាមរយៈកិច្ចសហការជាមួយក្រុមគ្រួពេទ្យ ដែលមានរថយន្តសង្គ្រោះបន្ទាន់នៅប្រចាំការជានិច្ចក្នុងទិវានេះផងដែរ៕