ថៃ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់ខ្សែបម្រើ Chanathip Songkrasin បានរិះគន់ ការមិនចុះសម្រុងគ្នា ដែលកំពុងរារាំងការអភិវឌ្ឍន៍ និងគំរាមកំហែងបំផ្លាញ បាល់ទាត់ថៃ នៅកម្រិតក្លិបបាល់ទាត់ ក្នុងប្រទេសថៃ ។
កីឡាករ Songkrasin ថា បើគ្មានសាមគ្គីភាពទេ បាល់ទាត់ថៃ នឹងមិនអាចអភិវឌ្ឍបានទេ ។ លោក Chanathip បាននិយាយក្នុងសន្និសីទ សារព័ត៌មាន របស់ក្លិបថ្មី របស់លោកថា កង្វះការរួបរួមលេចឡើង នៅកន្លែងជាច្រើន តាំងពីរដ្ឋាភិបាល ក្រសួងទេសចរណ៍ និងកីឡា រហូតដល់ អាជ្ញាធរកីឡាថៃ (SAT) និងសហព័ន្ធបាល់ទាត់ថៃ (FAT) BG Pathum United កាលពីថ្ងៃអង្គារ ។
កីឡាករឆ្នើមវ័យ ៣០ ឆ្នាំរូបនេះបានយកកីឡដ្ឋានជាតិ Rajamangala ដែលលោកចាត់ទុកកីឡាបាល់ទាត់ថៃ ជាឧទាហរណ៍។ Songkrasin បានបន្តថា ឪពុកខ្ញុំបានប្រាប់ខ្ញុំថា មានតែក្រុមជម្រើសជាតិ ទេ អាចលេងនៅ Rajamangala ប៉ុន្តែឥឡូវនេះកន្លែងនេះ រៀបចំការប្រគុំតន្ត្រី និងការប្រកួតមិត្តភាព សម្រាប់ក្លិបបរទេស ដូចជា Manchester United ខណៈក្រុមជម្រើសជាតិ មិនលេងការប្រកួតទៀតទេ តើនេះជាការអភិវឌ្ឍន៍មែនទេ?” ។
កីឡាបាល់ទាត់ថៃ បានជួបប្រទះការផ្លាស់ប្តូរ មិនអំណោយផលជាច្រើនក្នុងខែមុន ។ ប្រធាន FAT លោក Somyot Poompanmoung បានលាលែង ពីតំណែង កាលពីថ្ងៃទី ១ ខែកក្កដា តាមការសម្រេចចិត្តរបស់ Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រីថៃ និងជាប្រធាន គណៈកម្មាធិការជាតិ អូឡាំពិករបស់ប្រទេសថៃ ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមប្រឹក្សា FAT មិនទទួលយករឿងនេះទេ ហើយស្នើឲ្យ Poompanmoung បន្តកាន់តំណែងនេះ រហូតដល់ចប់អាណត្តិ នៅខែកុម្ភៈ ឆ្នាំ ២០២៤ ដើម្បីចៀសវាងការស៊ើបអង្កេតដោយ FIFA និងសហព័ន្ធបាល់ទាត់អាស៊ី (AFC) ចំពោះឥទ្ធិពល នយោបាយ ។
លើសពីនេះ ប្រព័ន្ធលីគបាល់ទាត់អាជីព របស់ប្រទេសថៃ បានទទួលរងការធ្លាក់ចុះយ៉ាងខ្លាំង នៃថ្លៃសួយសារ ទូរទស្សន៍ពី ៣០០ លានបាត កាលពីរដូវកាលមុន ចុះមកត្រឹម ៥០ លានបាត នៅរដូវកាលក្រោយ ។ ក្លឹបក្នុងស្រុកកំពុងត្រូវបានផ្តល់អនុសាសន៍ ឲ្យគ្រប់គ្រងលីកដោយខ្លួនឯង ជំនួសឲ្យការមាន អ្នករៀបចំត្រឹមត្រូវ ។
លោក Songkrasin បានបន្ថែមថា ដោយផ្ទាល់ ខ្ញុំគិតថាក្លិបធំៗ នឹងរស់បានព្រោះពួកគេមានលុយ ។ វាជារឿងខុសគ្នាសម្រាប់ក្លិបតូចៗ ហើយកីឡាករ នៅទីនោះមិនទទួលបានប្រាក់ឈ្នួលទេ ។ បន្ទាប់ពីលេងនៅប្រទេសជប៉ុន អស់រយៈពេល ៧ ឆ្នាំសម្រាប់ក្រុម Consadole Sapporo និង Kawasaki Frontale Songkrasin បានត្រលប់ ទៅប្រទេសថៃវិញ ហើយចូលរួមជាមួយក្រុម BG Pathum United ក្នុងតម្លៃខ្លួន ២លានដុល្លារ ដែលជាការផ្ទេរ ដ៏ធំបំផុតទីពីរ ក្នុងប្រវត្តិសាស្ត្រ Thai League ។
Songkrasin ត្រូវបានគេចាត់ទុកជាខ្សែបម្រើប្រយុទ្ធល្អបំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់ថៃ ហើយបច្ចុប្បន្នជាកីឡាករលេខមួយ របស់ប្រទេស។ លោកបានឈ្នះមេដាយមាស ស៊ីហ្គេមចំនួនពីរ និងពាន AFF Cup ចំនួនបីជាមួយប្រទេសថៃ ៕
ដោយ៖លី ភីលីព