ឥណ្ឌូណេស៊ី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករ ៥ នាក់ និងបុគ្គលិកគ្រូបង្វឹក៩នាក់របស់ប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃត្រូវបានព្យួរការប្រកួតចំនួន៦ និងពិន័យជាប្រាក់យ៉ាងតិច ១០០០ ដុល្លារ បន្ទាប់ពីមានជម្លោះក្នុងការប្រកួតកីឡាបាល់ទាត់ SEA Games លើកទី៣២ នៅកម្ពុជាកាលពីពេលថ្មីៗនេះ។
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានប្រកាសពីការពិន័យកាលពីយប់ថ្ងៃអង្គារ ទាក់ទងនឹងការវាយតប់គ្នាក្នុងការប្រកួតកីឡាបាល់ទាត់បុរសវគ្គផ្តាច់ព្រ័ត្រ SEA Games រវាងក្រុមទាំង ២ កាលពីថ្ងៃទី ១៦ ឧសភា។ សមាជិក៧នាក់របស់ប្រទេសឥណ្ឌូនេស៊ី កីឡាករ ៣ នាក់ និងបុគ្គលិក៤នាក់ ត្រូវបានព្យួរសម្រាប់ការប្រកួតចំនួន៦។
ចំណែកកីឡាករ ២ នាក់ គឺ Agung Bagus Fawwazi និង Komang Teguh និងបុគ្គលិកបីនាក់គឺ Tegar Diokta, Ahmad Nizar និង Toid Sarnadi ក៏ត្រូវបង់ប្រាក់ពិន័យចំនួន ១០០០ ដុល្លារ ក្នុងម្នាក់ៗផងដែរ។
ខ្សែបម្រើ Taufany Muslihuddin និងជំនួយការគ្រូបង្វឹក Sahari Gultom មិនត្រូវបង់ប្រាក់ពិន័យឡើយ ។
ការពិន័យដូចគ្នានេះត្រូវបានអនុវត្តចំពោះសមាជិក ៧ រូបរបស់ប្រទេសថៃ។
អ្នកចាំទី Soponwit Rakyart និងជំនួយការគ្រូបង្វឹកពីរនាក់ Pattarawut Wongsriphuek និង Mayeid Mad-Adam ត្រូវបានព្យួរការប្រកួតចំនួន ៦ ដង និងពិន័យជាប្រាក់ចំនួន ១០០០ ដុល្លារ ។ ខ្សែបម្រើ Chayapipat Supunpasuch និងបុគ្គលិក Purachet Todsanit, Thirapak Prueangna និង Bamrung Boonprom ត្រូវបានព្យួរដោយមិនបង់ប្រាក់ពិន័យ។
AFC ក៏តម្រូវឲ្យសមាគមបាល់ទាត់ថៃ (FAT) បង់ប្រាក់ពិន័យបន្ថែមចំនួន ១០,០០០ដុល្លារ ខណៈ សមាគមកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) មិនត្រូវបង់ប្រាក់ពិន័យនោះទេ។ វាបានបន្ថែមថា ឥណ្ឌូណេស៊ី និងថៃនឹងទទួលបានការពិន័យធ្ងន់ជាងនេះ ប្រសិនបើវាកើតឡើងម្ដងទៀត។
ការប្រកួតបាល់ទាត់បុរសវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡា SEA Games លើកទី៣២ នៅកីឡដ្ឋានភ្នំពេញប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែឧសភា បានបញ្ចប់ដោយឈ្នះក្រុមឥណ្ឌូណេស៊ី ៥-២ បន្ទាប់ពីធ្វើបាន១២០នាទី។ ការប្រកួតនេះត្រូវបានបញ្ចប់ដោយការប៉ះទង្គិចគ្នារវាងក្រុមទាំងពីរនៅចុងបញ្ចប់ នៃតង់ទីពីរ និងការចាប់ផ្តើមម៉ោងបន្ថែម។
ឧប្បត្តិហេតុនេះបានធ្វើឲ្យខូចមុខមាត់របស់ប្រទេសថៃ និងប្រទេសឥណ្ឌូនេស៊ី ព្រមទំាងបាល់ទាត់អាស៊ីអាគ្នេយ៍ជាទូទៅ។
មួយថ្ងៃក្រោយហេតុការណ៍នេះ ថៃបានចេញលិខិតសុំទោស។ នៅថ្ងៃទី ២៣ ខែឧសភា FAT បានព្យួរកីឡាករ ២ នាក់ និងគ្រូបង្វឹក ៣ នាក់សម្រាប់ការចូលរួមរបស់ពួកគេ។
គ្រូបង្វឹកអ្នកចាំទី Prasadchok Chokmoh ជំនួយការគ្រូបង្វឹក Phatrawut Wongsripuek និងគ្រូបង្វឹក Mayid Madada ទាំងអស់ត្រូវបានផ្អាកពីការងារឲ្យក្រុមបាល់ទាត់ថៃ រយៈពេលមួយឆ្នាំ។ កីឡាករពីររូប Sohonwit Rakyath និង Teerapak Pruengna មិនត្រូវបានធ្វើឲ្យលេងឲ្យក្រុមថៃក្នុងកម្រិតណាមួយរយៈពេល ៦ ខែ។
ឥណ្ឌូណេស៊ី មិនបានដាក់ទណ្ឌកម្មសមាជិកណាមួយ នៃក្រុមរបស់ខ្លួនទេ ខណៈប្រធាន PSSI លោក Erick Thohir បាននិយាយថា វាគ្រាន់តែជា ទង្វើដោយឯកឯងដែលអ្នកលេងត្រូវបានបង្កហេតុ៕ ដោយ៖លី ភីលីព