ភ្នំពេញ៖ ក្រុមអត្តពលិកទាញព្រ័ត្រខេត្តស្វាយរៀង និងកងទ័ពជើងទឹកដណ្តើមបានមេដាយមាសនៃការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២៣ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅរង្វង់នាងទេពមច្ឆា នៅភ្នំពេញក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ២០២៣ របស់ក្រសួងអប់រំ យុវជន និងកីឡា ។
សម្រាប់វិញ្ញាសា ៤ នាក់ទល់ ៤ នាក់បុរស៖ ក្រុមកីឡាករទាញព្រ័ត្រខេត្តស្វាយរៀងដណ្តើមមេដាយមាស ក្រុមកីឡាករទាញព្រ័ត្រខេត្តត្បូងឃ្មុំ ដណ្តើមមេដាយប្រាក់ និងក្រុមកីឡាករទាញព្រ័ត្រមជ្ឈមណ្ឌលកីឡា ខភម ដណ្តើមមេដាយសំរិទ្ធ ចំណែកវិញ្ញាសា ៤ នាក់ទល់ ៤ នាក់នារី៖ ក្រុមកីឡាការិនីទាញព្រ័ត្រកងទ័ពជើងទឹកដណ្តើមមេដាយមាស ក្រុមកីឡាការិនីទាញព្រ័ត្រខេត្តបាត់ដំបង ដណ្តើមមេដាយប្រាក់ និងក្រុមកីឡាការិនីទាញព្រ័ត្រខេត្តកំពត ដណ្តើមមេដាយសំរិទ្ធ។ ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ នៅ រង្វង់មូលសុវណ្ណមច្ឆា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
លោក ចាប រតនា អគ្គលេខាធិការសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បាននិយាយថា ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ មានគោលបំណងសំខាន់នៃការប្រកួត កីឡាទាញព្រ័ត្រថ្នាក់ជាតិឆ្នាំ ២០២៣ នេះ ដើម្បីជ្រើសរើសក្រុម និងកីឡាករ-កីឡាការិនី មានសមត្ថភាពឆ្នើមៗសម្រាប់ត្រៀម ចូលរួមការប្រកួតលក្ខណៈ អន្តរជាតិនានា ទៅតាមការអញ្ជើញរបស់សហព័ន្ធអន្តរជាតិ ហើយការប្រកួត នេះ ក៏ដើម្បីបំផុសវិស័យកីឡាទាញព្រ័ត្រនៅកម្ពុជាកាន់តែមានភាពផុសផុល ទូលំទូលាយ និង ទទួលបានការគាំទ្រ និងចាប់អារម្មណ៍កាន់តែច្រើនពីមហាជនផងដែរ។
លោកបានបន្តថា សារសំខាន់ជាងនេះ ការប្រកួតកីឡាទាញព្រ័ត្រថ្នាក់ជាតិ ឆ្នាំ ២០២៣ ដើម្បីសម្រួចទិសដៅក៏ដូចជាជ្រើសរើសអត្តពលិកឆ្នើមៗ សម្រាប់ត្រៀមធ្វើការប្រមូលផ្តុំហ្វឹកហាត់ជាក្រុមជម្រើសជាតិនៅឆ្នាំ២០២៤ ក្នុងករណីក្រសួងអប់រំអនុញ្ញាតសម្រាប់ត្រៀមឆ្ពោះទៅកាន់ការប្រកួតកីឡាSEA GAME ឆ្នាំ២០២៥ ដែលព្រះរាជាណាចក្រថៃធ្វើជាម្ចាស់ផ្ទះ។
ការប្រកួតសមាគម និងក្លិបចូលរួមចំនួន ១២ រួមមានសមាគមកីឡាទាញព្រ័ត្រ ខេត្តកណ្តាល សមាគមកីឡាទាញព្រ័ត្រ ខេត្តកំពត សមាគមកីឡាទាញព្រ័ត្រ ក្រសួងមហាផ្ទៃ សមាគមកីឡាទាញព្រ័ត្រ ខេត្តបាត់ដំបង សមាគមកីឡាទាញព្រ័ត្រ ខេត្តកំពង់ចាម សមាគមកីឡាទាញព្រ័ត្រ ខេត្តស្វាយរៀង សមាគមកីឡាទាញព្រ័ត្រ រាជធានីភ្នំពេញ សមាគមកីឡាទាញព្រ័ត្រ ខេត្តកំពង់ឆ្នាំង សមាគមកីឡាទាញព្រ័ត្រ ខេត្តក្រចេះ សមាគមកីឡាទាញព្រ័ត្រ ខេត្តត្បួងឃ្មុំ សមាគមកីឡាទាញព្រ័ត្រមជ្ឈមណ្ឌល ខ.ភ.ម និង សមាគមកីឡាទាញព្រ័ត្រ បញ្ជាការដ្ឋានកងទ័ពជើងទឹក ។
ប្រតិភូ គ្រូបង្វឹក ចំនួន ៣៣ នាក់ ឡាករចំនួន១៣៣ នាក់ កីឡាការិនី ចំនួន ៧៣ នាក់ សរុបទាំងអស់ចំនួន ចំនួន ២៤៤ នាក់។ ប្រកួតវិញ្ញាសាមាន ចំនួន ៤វិញ្ញាសា ៖ វិញ្ញាសា ៨នាក់ ទល់ ៨នាក់ ផ្នែកបុរស ទម្ងន់ ៦០០គីឡូក្រោម វិញ្ញាសា ៨នាក់ ទល់ ៨នាក់ ផ្នែកនារី ទម្ងន់ ៥០០គីឡូក្រោម វិញ្ញាសា ៤នាក់ ទល់ ៤នាក់ ផ្នែកបុរស ទម្ងន់ ៣០០គីឡូក្រោម វិញ្ញាសា ៤នាក់ ទល់ ៤នាក់ ផ្នែកនារី ទម្ងន់ ២៥០គីឡូក្រោម៕ ដោយ៖លី ភីលីព