ស្វីស៖ ស្ថាប័នគ្រប់គ្រងការប្រណាំងកង់ពិភពលោក UCI បាននិយាយកាលពីថ្ងៃសុក្រថា អត្តពលិកកែភេទស្ត្រីដែលបានផ្លាស់ប្តូរ បន្ទាប់ពីពេញវ័យជាបុរសនឹងមិនអាចប្រកួតប្រជែង នៃព្រឹត្តិការណ៍ការប្រកួតកីឡាប្រណាំងកង់ផ្នែកនារីបានទៀតឡើយ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
សហព័ន្ធកីឡាជិះកង់អន្តរជាតិ បានចូលរួមជាមួយស្ថាប័នគ្រប់គ្រងលើផ្លូវ ទីលាន និងហែលទឹកជាកីឡាអូឡាំពិកលំដាប់កំពូល ដោយនិយាយអំពីបញ្ហាអត្តពលិកកែភេទ និងយុត្តិធម៌ក្នុងព្រឹត្តិការណ៍នារី។ ការសម្រេចចិត្តរបស់ UCI បានកើតឡើង បន្ទាប់ពីអ្នកជិះកង់ជនជាតិអាមេរិក នាង Austin Killips បានក្លាយជាស្ត្រីកែភេទដំបូងគេដោយបានយកឈ្នះព្រឹត្តិការណ៍ប្រណាំងកង់ផ្លូវការក្នុងខែឧសភា។
សហព័ន្ធអន្តរជាតិបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់ពីពេលនេះតទៅ អត្តពលិកប្តូរភេទស្ត្រីដែលបានផ្លាស់ប្តូរក្រោយពេញវ័យ (បុរស) នឹងត្រូវបានហាមឃាត់មិនឲ្យចូលរួមក្នុងព្រឹត្តិការណ៍របស់ស្ត្រីនៅលើប្រតិទិនអន្តរជាតិ UCI នៅគ្រប់ប្រភេទក្នុងវិញ្ញាសាផ្សេងៗ។ UCI បាននិយាយថា ការហាមឃាត់ដែលចាប់ផ្តើមពីថ្ងៃច័ន្ទគឺចាំបាច់ដើម្បីធានានូវឱកាសស្មើគ្នា។
លោក Killips បានជិះទៅកាន់ការទទួលជ័យជម្នះក្នុងដំណាក់កាលទី៥ នៃ Tour of the Gila ជាការប្រណាំងមួយក្នុងចំណោមការប្រណាំងនៅលើឆាកសហរដ្ឋអាមេរិក។ ជ័យជម្នះរបស់នាងបានបង្កឲ្យមានប្រតិកម្មអវិជ្ជមានដោយអ្នកគាំទ្រជិះកង់ និងអតីតអ្នកប្រណាំងមួយចំនួន បើទោះបីជាអត្តពលិកវ័យ 27 ឆ្នាំរូបនេះបានប្រកាន់ខ្ជាប់ នូវគោលនយោបាយដែលដាក់ដោយ UCI កាលពីឆ្នាំមុន តម្រូវឲ្យអត្តពលិកកែភេទមានកម្រិតអ័រម៉ូន Testosterone 2.5 nanomoles ក្នុងមួយលីត្រ ឬតិចជាងនេះសម្រាប់ យ៉ាងហោចណាស់ 24 ខែមុនពេលប្រកួតប្រជែងក្នុងព្រឹត្តិការណ៍នារី។
UCI បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានកត់សម្គាល់ពីស្ថានភាព នៃចំណេះដឹងវិទ្យាសាស្ត្រដែលមិនបញ្ជាក់ថា យ៉ាងហោចណាស់ ២ ឆ្នាំ នៃការព្យាបាលអរម៉ូនបញ្ជាក់ពីយេនឌ័រជាមួយនឹងកំហាប់អ័រម៉ូន testosterone ប្លាស្មានៃ 2.5 nmol / L គឺគ្រប់គ្រាន់ដើម្បីលុបបំបាត់ទាំងស្រុង នូវអត្ថប្រយោជន៍នៃ អ័រម៉ូនតេស្តូស្តេរ៉ូនអំឡុងពេលពេញវ័យចំពោះបុរស។
UCI បានបន្ថែមថា ដោយសារស្ថានភាពបច្ចុប្បន្ន នៃចំណេះដឹងវិទ្យាសាស្ត្រ វាក៏មិនអាចទៅរួចទេក្នុងការបដិសេធ នូវលទ្ធភាពដែលកត្តាជីវមេកានិចដូចជារូបរាង និងការរៀបចំឆ្អឹងនៅក្នុងអវយវៈរបស់ពួកគេអាចជាអត្ថប្រយោជន៍យូរអង្វែងសម្រាប់អត្តពលិកប្តូរភេទស្ត្រី៕ ដោយ៖លី ភីលីព