ក្រុងប៉េកាំង៖យោងតាមការចេញផ្សាយពីគេហទំព័រ Xinhua បានប្រាប់ឲ្យដឹងថា មន្ត្រីក្លិបបាល់ទាត់ប្រទេសចិនមួយរូបបានចេញមុខសុំទោសជាសាធារណៈចំពោះការធ្វើបាបលើអាជ្ញាកណ្តាល បន្ទាប់ពីអាជ្ញាកណ្តាលពិន័យកាតក្រហម ។
លោក Duan Xin ប្រធានក្រុមនៃទីក្រុង Liaoning Shenyang បានទះកំផ្លៀងអាជ្ញាកណ្តាល បន្ទាប់ពីកីឡាករត្រូវបានពិន័យកាតក្រហមសម្រាប់ការតវ៉ានឹងការសម្រេចចិត្តចុងក្រោយក្នុងអំឡុងពេលការប្រកួតកាលពីថ្ងៃអាទិត្យជាមួយ Nanjing City ។
កាលពីល្ងាចថ្ងៃចន្ទ លោក Duan បានផ្តល់ការសុំទោសជាសាធារណៈដោយនិយាយថា លោកគួរតែគោរពតាមការសម្រេចចិត្តរបស់អាជ្ញាកណ្តាលដោយគ្មានលក្ខខណ្ឌ។ លោកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយបានបង្ហោះនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ក្លិប Shenyang ថា ក្នុងនាមជាពិរុទ្ធជន ខ្ញុំបាននាំកីឡាបាល់ទាត់របស់ចិនចូលទៅក្នុងភាពមិនសមរម្យ។
លោក Duan បានបន្ថែមថា លោកទទួលស្គាល់ផលវិបាកនៃបញ្ហានេះ ហើយត្រៀមខ្លួនទទួលយករាល់ការដាក់ទណ្ឌកម្មដែលសមាគមបាល់ទាត់ចិនដាក់លើលោក៕
ដោយ៖លី ភីលីព