កីឡា

កីឡាករ-កីឡាការិនីការ៉ាតេ ៥ នាក់ចូលរួមព្រឹត្តិការណ៍ World Police and Fire Games នៅកាណាដា

ភ្នំពេញ៖ អតីតកីឡាករ-កីឡាការិនីការ៉ាតេ សាលាគុនសុរិយា ការ៉ាតេ-ដូ សូតូកង់នាពេលបច្ចុប្បន្ននេះរបស់ក្រសួងមហាផ្ទៃត្រៀមខ្លួនរួចជាស្រេច ដើម្បីដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍ការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ “World Police & Fire Games” នៅទីក្រុង Winnipeg ប្រទេសកាណាដាដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។

ការប្រកួតនេះមានកីឡាករ-កីឡាការិនីការ៉ាតេ និងគ្រូបង្វឹកចំនួន ៦ នាក់ក្នុងនោះកីឡាការិនី ២ នាក់ និងកីឡាករ ៣ នាក់ គឺអ្នកគ្រូ ជា ថារី កីឡាការិនី ផុន គិមស្រៀង កីឡាការិនី ស៊ីម ស្រីនីន កីឡាករ ឆេង ច័ន្ទដារ៉ារតនៈ កីឡាករ កាក់ សីលាបញ្ញា និងកីឡាករ តក់ ពិចិត្រ។ កីឡាការិនី ផុន គិមស្រៀង ប្រកួតលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម និងវិញ្ញាសាប្រយុទ្ធក្រុម កីឡាការិនី ស៊ីម ស្រីនីន ប្រកួតលើវិញ្ញាសាសម្តែង និងវិញ្ញាសាប្រយុទ្ធក្រុម និងកីឡាករ ឆេង ច័ន្ទដារ៉ារតនៈ ប្រកួតលើវិញ្ញាសាសម្តែង ប្រយុទ្ធប្រភេទទម្ងន់ក្រោម៧០ គីឡូក្រាម និងវិញ្ញាសាប្រយុទ្ធក្រុម។

ចំណែកកីឡាករ កាក់ សីលាបញ្ញា ប្រកួតលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ ៨៥ គីឡូក្រាមឡើង និងវិញ្ញាសាប្រយុទ្ធក្រុម និងនិងកីឡាករ តក់ ពិចិត្រ ប្រកួតលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម៧៥ គីឡូក្រាម និងវិញ្ញាសាប្រយុទ្ធក្រុម។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃតែងតែយកចិត្តទុកដាក់ លើកទឹកចិត្តជារឿយៗដល់អត្តពលិកក្រសួងមហាផ្ទៃ និងកីឡាករ-កីឡាការិនីទាំងអស់ក៏បានជួបសម្ដែងការគួរសម និងទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោមរួចហើយជាប្រទីបបង្ហាញផ្លូវឈានឆ្ពោះទៅរកជ័យជម្នះ ក៏ដូចជាការបង្កើនទំនុកចិត្តបន្ថែមទៀត មុននឹងចាកចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ខាងលើ ។

ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ជូនកីឡាចំនួន ១២ប្រភេទ មានដូចជា៖ កីឡាវាយសី វាយកូនឃ្លីលើតុ យូដូ ជឺជីតស៊ូ ហែលទឹក ការ៉ាតេ បាល់ទះក្នុងសាល បាល់ទះឆ្នេរខ្សាច់ ចំបាប់ ចំបាប់កាច់ដៃ Bench Press, Push Pull Lifting ដើម្បីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ នៅប្រទេសកាណាដា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕ ដោយ៖លី ភីលីព

Most Popular

To Top