ភ្នំពេញ ៖ លោកគ្រូ ឡាច ចន្ច័ដារ៉ា នាយកសាលាគុនសុរិយាការ៉ាតេ ដូ និងជាប្រធានគ្រូបង្វឹក របស់សមាគមកីឡាការ៉ាតេដូ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានចូលរួមជូនដំណើរកូនប្រុស និងកីឡាករ-កីឡាការិនី របស់ក្រសួងមហាផ្ទៃ ទៅចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ “World Police & Fire Games” នៅទីក្រុង Winnipeg ប្រទេសកាណាដា ។

លោកគ្រូ ឡាច ចន្ច័ដារ៉ា បានមានប្រសាសន៍ថា ក្រុមកីឡាករ-កីឡាការិនី របស់ក្រសួងមហាផ្ទៃទំាង ៥ នាក់រូបលោកមានក្តីសង្ឃឹមថា ពួកគេអាចដណ្តើម បានមេដាយសរុប ចំនួន ៥ គ្រឿង ក្នុងនោះមេដាយមាសចំនួន ១ គ្រឿង មេដាយប្រាក់ចំនួន ២ គ្រឿង និងមេដាយសំរិទ្ធចំនួន ២ គ្រឿង តាមការហ្វឹកហាត់ ជាប្រចាំរបស់ពួកគេ មុនចេញទៅការប្រកួត នៅទីក្រុង Winnipeg ប្រទេសកាណាដានេះ ។

លោកគ្រូបានបន្តថា ការប្រកួតនេះយើងមានកីឡាករ-កីឡាការិនីការ៉ាតេ និងគ្រូបង្វឹកចំនួន ៦ នាក់ក្នុងនោះកីឡាការិនី ២ នាក់ និងកីឡាករ ៣ នាក់ គឺអ្នកគ្រូ ជា ថារី កីឡាការិនី ផុន គិមស្រៀង កីឡាការិនី ស៊ីម ស្រីនីន កីឡាករ ឆេង ច័ន្ទដារ៉ារតនៈ កីឡាករ កាក់ សីលាបញ្ញា និងកីឡាករ តក់ ពិចិត្រ។ កីឡាការិនី ផុន គិមស្រៀង ប្រកួតលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម និងវិញ្ញាសាប្រយុទ្ធក្រុម កីឡាការិនី ស៊ីម ស្រីនីន ប្រកួតលើវិញ្ញាសាសម្តែង និងវិញ្ញាសាប្រយុទ្ធក្រុម និងកីឡាករ ឆេង ច័ន្ទដារ៉ារតនៈ ប្រកួតលើវិញ្ញាសាសម្តែង ប្រយុទ្ធប្រភេទទម្ងន់ក្រោម៧០ គីឡូក្រាម និងវិញ្ញាសាប្រយុទ្ធក្រុម ។
ចំណែកកីឡាករ កាក់ សីលាបញ្ញា ប្រកួតលើវិញ្ញាសាប្រយុទ្ធ ប្រភេទទម្ងន់ ៨៥ គីឡូក្រាមឡើង និងវិញ្ញាសាប្រយុទ្ធក្រុម និងនិងកីឡាករ តក់ ពិចិត្រ ប្រកួតលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម៧៥ គីឡូក្រាម និងវិញ្ញាសាប្រយុទ្ធក្រុម ។

ក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ បានបញ្ជូនកីឡាចំនួន ១២ប្រភេទ មានដូចជា ៖ កីឡាវាយសី វាយកូនឃ្លីលើតុ យូដូ ជឺជីតស៊ូ ហែលទឹក ការ៉ាតេ បាល់ទះក្នុងសាល បាល់ទះឆ្នេរខ្សាច់ ចំបាប់ ចំបាប់កាច់ដៃ Bench Press, Push Pull Lifting ដើម្បីទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ នៅប្រទេសកាណាដា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ៕

