ភ្នំពេញ ៖ ក្រុមកីឡាករ -កីឡាការិនី របស់ខ្លួនចំនួន១០ នាក់របស់សហព័ន្ធកីឡា វ៉ូវីណាមកម្ពុជា ធ្វើការហ្វឹកហាត់យ៉ាងសកម្ម ជារៀងរាល់ថ្ងៃ ដើម្បីពង្រឹកសមត្ថភាពខ្លួន មុនចេញទៅចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា សាលាអាស៊ានលើកទី១៣ ឆ្នាំ២០២៣ “13th ASEAN School Games” នៅប្រទេសវៀតណាម នឹងប្រព្រឹត្ត ទៅនៅខែសីហា ឆ្នាំ២០២៣ នៅទីក្រុង Da Nang ខាងមុខនេះ ។

លោក ទេព ជីវសុខុម គ្រូបង្វឹកបានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានឹងបញ្ជូនក្រុមកីឡាករ-កីឡាការិនីរបស់ខ្លួនចំនួន ១០ នាក់ គ្រូបង្វឹក ៦ នាក់ និងថ្នាក់ដឹកនាំចំនួន ២ ក្នុងនេះកីឡាការិនីចំនួន ៣ នាក់ និងកីឡាករ ៧ នាក់ រួមមានកីឡាការិនី ឯម ច័ន្ទកនីកា កីឡាការិនី ភួង ស្រីណេ កីឡាការិនី លឹម សម្ជស្ស កីឡាករ ម៉ែន សុខវិច្ឆិកា កីឡាករ កៅ វិចិត្រ រាជ្យ កីឡាករ ជា ហ្វីលីប កីឡាករ ផេង បណ្ឌិត កីឡាករ លឹម សំរិទ្ធ កីឡាករ ម៉ើ ចាន់ឌឿន កីឡាករ កុយ ពុធឃាង កីឡាករ សាយ វិរៈបុត្រ ។

លោកគ្រូបង្វឹកបានបន្តថា សម្រាប់វិញ្ញាសា ត្រូវប្រកួតដូចជា វិញ្ញាសាឯកត្តជននារីឡុងហ៊ូវៀង វិញ្ញាសាឯកត្តជនបុរសងួងមួនវៀង វិញ្ញាសាគូរបុរស សុងលាងគីម បុរស វិញ្ញាសា គូរនារីសុងលាងគីម វិញ្ញាសា នារីម្នាក់ បុរស៣នាក់ប្រើអាវុធ វិញ្ញាសាបុរស ៤ នាក់ កៀបករ វិញ្ញាសាប្រយុទ្ធបុរស ប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៦០ គីឡូក្រាម និងវិញ្ញាសាប្រយុទ្ធនារី ប្រភេទទម្ងន់ក្រោម ៥០ គីឡូក្រាម និងប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម ។

ចំពោះការប្រកួតខាងនេះ ភាគច្រើនសុទ្ធសឹង ជាកីឡាករ-កីឡាការិនីក្មេងៗ មិនសូវមានបទពិសោធន៍ ច្រើនសម្រាប់ការប្រកួត ក្រៅប្រទេសឡើយ ប៉ុន្តែក្នុងនាមលោកជាគ្រូបង្វឹក មានក្តីសង្ឃឹមថា ពួកគេអាចនឹងទទួលបានលទ្ធផលល្អ ឬអាចដណ្តើមមេដាយ ជូនប្រទេសជាតិជាក់ជាមិនខានឡើយ។
ព្រឹត្តិការណ៍ការប្រកួតកីឡា សាលាអាស៊ានលើកទី ១៣ ឆ្នាំ ២០២៣ “13th ASEAN School Games” នៅប្រទេសវៀតណាម នេះកម្ពុជា នឹងបញ្ជូនកីឡាចំនួន ៦ ប្រភេទរួមមានកីឡាវាយសី កីឡាបាល់បោះ កីឡាអត្តពលកម្ម កីឡាបញ្ចាក់សិលា កីឡាហែលទឹក និងកីឡាវ៉ូវីណាម ៕
