កំពង់ឆ្នាំង ៖ បិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹក កីឡាវាយកូនឃ្លី លើតុកម្រិតមូលដ្ឋាន ឆ្នាំ២០២៣ រៀបចំដោយសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា សហការមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ការិយាល័យកីឡា នៅខេត្តកំពង់ឆ្នាំង ថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ក្រោមការប្រើប្រាស់ ថវិកាឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

ក្នុងឳកាសពិធីបិទជាផ្លូវការដោយមានការអញ្ជើញពីលោក ស៊ឹម ប្រិម ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង និងលោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា តំណាងលោកនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា។

លោក ស៊ុន សុទ្ធារិទ្ធ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុ កម្រិតមូលដ្ឋាន ដែលបានរៀបចំដោយ សហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា ក្រោម ការគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា មានរយៈពេល៥ថ្ងៃ មានគ្រូឧទ្ទេសចំនួន ៥ នាក់ មកពីសហព័ន្ធកីឡាវាកូនឃ្លីលើតុកម្ពុជា និងសិក្ខាកាម ចូលរួមទាំងអស់សរុប ចំនួន ២៧ នាក់ ។
លោកអគ្គលេខាធិបានបន្តថា សហព័ន្ធវាយកូនឃ្លីលើតុកម្ពុជាបានឧបត្តម្ភសម្ភារកីឡាវាយកូនឃ្លីលើតុ មួយចំនួនដូចជាតុកីឡាវាយកូនឃ្លីលើតុ (តុប៉េងប៉ុង) ចំនួន ០១ សំណាញ់ ចំនួន ០១ រ៉ែកតវាយកូនឃ្លីលើតុ (រ៉ាកតប៉េងប៉ុង) ចំនួន ៤០ រ៉ាកែត -គ្រាប់បាល់ (គ្រាប់ប៉េងប៉ុង) ចំនួន ៤០០ គ្រាប់។

ចំពោះវគ្គបណ្តុះបណ្តាលនេះគ្រូឧទ្ទេស ទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនទាំងទ្រឹស្ដី និងការអនុវត្តនៅលើទីលាន ដើម្បីផ្តល់នូវចំណេះដឹង និងបទពិសោធន៍សម្រាប់ឲ្យសិក្ខាកាមទាំងអស់យកទៅធ្វើការបណ្តុះបណ្តាលហ្វឹកហាត់ដល់សិស្សានុសិស្ស កីឡាករ- កីឡាការិនី ទៅតាមសាលារៀន អង្គភាព សហគមរបស់ខ្លួនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

តាមរយៈការធ្វើតេស្តិ៍ និងពិនិត្យជាក់ស្ដែង គណៈកម្មការគ្រូឧទ្ទេសសូមធ្វើការវាយតម្លៃសិក្ខាកាមបានទទួលការយល់ដឹងរួមមាននិទ្ទេសល្អទទួលបាន ១០ ភាគរយ និទ្ទេស ល្អបង្គួរ ៥០ភាគរយ និងនិទ្ទេស មធ្យម៤០ភាគរយ៕
ដោយ៖លី ភីលីព
