ភ្នំពេញ ៖ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ពិធីបើកការប្រកួតកីឡា សិស្សបឋមសិក្សាជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីតាមនាយកដ្ឋាន កីឡាទំាងអស់ មានអ្នកចូលរួម ប្រមាណ៣០០០ នាក់ មកពី២៥ រាជធានីខេត្ត នៅពហុកីឡដ្ឋានជាតិ ។
លោក ហួត សេងទ្រី ប្រធាន ប្រធាននាយកដ្ឋានរៀបចំ និងព្រឹត្តិការណ៍កីឡាបាននិយាយថា ការប្រកួតកីឡា សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ លើ១០ប្រភេទកីឡារួមមាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF ប៊ូល និងប៉េតង់ និងគុនល្បុក្កតោ ដែលមានវិញ្ញាសា៥១ នៅរាជធានីភ្នំពេញ ក្នុងនោះមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចុះឈ្មោះចូលរួមមកពី២៥រាជធានី ខេត្តសរុបចំនួន២៦០០នាក់ ។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា ការរៀបចំការប្រកួតកីឡាសិស្ស បឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ សំដៅប្រមូលផ្តុំកីឡាករ -កីឡាការិនីជាសិស្ស មានឱកាសបានចូលរួមប្រកួតប្រជែង ចែករម្លែកបទពិសោធន៍ភាព សប្បាយរីករាយ ពង្រឹងកាយសម្បទាមាំមួន បង្កើនកម្លាំងបញ្ញា ស្មារតីឈ្លាសវៃ និងជៀសផុតពីអំពើ អសកម្មផ្សេងៗ ក្នុងសង្គម ពិសេសជាងនេះទៀត កីឡាករ កីឡាការិនី សិស្សបឋមសិក្សា អាចនឹងក្លាយជាថ្នាល នៃមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសមត្ថភាព ស្របតាមទេពកោសល្យ ដែលខ្លួនមាន ។ ការប្រកួតកីឡានេះផងដែរ តម្រូវឲ្យឈរលើស្មារតីទទួលខុសត្រូវ ការគោរពវិន័យ គោរពបទបញ្ជាបច្ចេកទេស ចេះយោគយល់ អធ្យាស្រ័យ ទើបអាចផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនូវចំណងមិត្តភាព សាមគ្គីភាព ភាតរភាព ជាគំរូមួយដ៏ល្អ សម្រាប់ប្រទេសជាតិយើង ស្របតាមអនុសាសន៍ដ៏ឧត្តុងឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបញ្ជាក់ ត្រូវជំរុញផ្សព្វផ្សាយទិស ស្លោក“ប្រជាពលជនម្នាក់ លេងកីឡាមួយប្រភេទ កីឡាប្រចាំជីវិត” ដែលត្រូវផ្តើមចេញ ពីការអនុវត្តកីឡាក្រៅម៉ោង សិក្សានៃគ្រឹះស្ថាន សិក្សាគ្រប់កម្រិត ។
លោកបណ្ឌិតសភាចារ្យបានបន្តថា ដើម្បីឲ្យការធ្វើកំណែទម្រង់នេះ ទទួលបានជោគជ័យ ក្រសួងអប់រំ យុវជន និងកីឡា សំណូមពរដល់អង្គការរដ្ឋកីឡា និងអង្គការសង្គមកីឡា សូមបន្តខិតខំប្រឹងប្រែងរួមគ្នា បន្ថែមទៀត ដោយយកអស់ស្មារតី កម្លាំងកាយ កម្លាំងចិត្ត និងលទ្ធភាពបំពេញ ភារកិច្ចទៅតាមតួនាទី រៀងៗខ្លួន ដោយការទទួលខុសត្រូវខ្ពស់ ។ ហើយក៏ សូមអំពាវនាវ ដល់វិស័យឯកជន សប្បុរសជន និងប្រជាជនចូលរួម ឧបត្ថម្ភគាំទ្រជាស្មារតី សម្ភារៈ ថវិកា ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិយើង ។ ក្រោមពាក្យស្លោក “ប្រជាជនម្នាក់ត្រូវចេះលេងកីឡាមួយ ប្រភេទយ៉ាងតិចប្រចាំជីវិត”៕