កីឡា

សង្ស័យខ្លាច! ការប្រកួតវាយគ្នាក្នុងទ្រុងរវាង Elon Musk និង មេ Facebook ទំនងជាមិនកើតឡើងទេ

លោក Mark Zuckerberg បាននិយាយថា Elon Musk មិនបានច្បាស់លាស់ទេ អំពីការប្រយុទ្ធក្នុងទ្រុង ហើយ វាដល់ពេលដែលត្រូវ ដើរចេញពី ការមិនប្រាកដប្រជានេះហើយ ។

នៅក្នុងការបង្ហោះនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម Threads ចៅហ្វាយនាយ Meta លោក Mark Zuckerberg បាននិយាយថា លោកបានផ្តល់ឱ្យលោក Musk “កាលបរិច្ឆេទពិតប្រាកដ” ប៉ុន្តែសហគ្រិនដែលជាគូប្រជែងបានធ្វើការដោះសារ។

លោក Musk បាននិយាយ កាលពីថ្ងៃអាទិត្យមុននេះ នៅលើគេហទំព័របណ្តាញសង្គម X ដែលពីមុនគេស្គាល់ថា Twitter ថាលោកសុខចិត្តប្រយុទ្ធ នៅដើមថ្ងៃច័ន្ទ។ មហាសេដ្ឋីទាំងនោះ បានយល់ព្រមក្នុងការប្រកួតនេះកាលពីខែមិថុនា ដែលបានបង្កការចាប់អារម្មណ៍ ពីប្រព័ន្ធផ្សព្វផ្សាយយ៉ាងខ្លាំង។ ប៉ុន្តែបើទោះបីជាឈ្លោះគ្នាជាច្រើន ខែមកហើយក៏ដោយ ប៉ុន្តែគូប្រជែងទាំង២នេះ មិនទាន់កំណត់ថ្ងៃបានទេ ដោយធ្វើឱ្យមានការសង្ស័យថា ការប្រកួតនឹងមានទៅមុខទៀត ។

សង្រ្គាមពាក្យសម្តី មានភាពស្មុគស្មាញ ដោយការបើកដំណើរការ Threads ក្នុងខែកក្កដា ជាមួយនឹងកម្មវិធី ជាគូប្រជែងរបស់ X បានទាក់ទាញអ្នក ចុះឈ្មោះច្រើនជាង ១០០ លានក្នុងរយៈពេលតិចជាងមួយសប្តាហ៍ ។ ចំនួននេះបានធ្លាក់ចុះមកវិញ ហើយ X នៅតែមានលំនឹង នៅខាងមុខជាមួយនឹង អ្នកប្រើប្រាស់ប្រហែល ៣៥០ លាននាក់ ប៉ុន្តែលោក Musk បានគំរាមប្តឹង Facebook ពីបទ “ក្លែងបន្លំដោយខុសច្បាប់នៃអាថ៌កំបាំងពាណិជ្ជកម្មរបស់ Twitter” ។ ប៉ុន្តែ ក្រុមហ៊ុន Meta បានបដិសេធ ការអះអាងនេះ ។

កាលពីសប្តាហ៍មុន លោក Zuckerberg បាននិយាយថា លោកបាន ស្នើសុំថ្ងៃទី ២៦ ខែសីហា សម្រាប់ការប្រយុទ្ធក្នុងទ្រុង។ បន្ទាប់មកនៅក្នុងការកែប្រែ មួយកាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីក្រសួងវប្បធម៌ របស់ប្រទេសអ៊ីតាលីបាននិយាយថា លោកបាននិយាយជាមួយលោក Musk អំពីការធ្វើជាម្ចាស់ ផ្ទះការប្រកួត នៅក្នុងប្រទេស ជាព្រឹត្តិការណ៍សប្បុរសធម៌មួយ។

ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃអាទិត្យ ថៅកែ Meta បានបង្ហោះនៅលើ Threads ថា “Elon នឹងមិនបញ្ជាក់កាលបរិច្ឆេទទេ ប្រសិនបើ Elon ធ្លាប់យកចិត្តទុកដាក់ ចំពោះកាលបរិច្ឆេទពិតប្រាកដ និងព្រឹត្តិការណ៍ផ្លូវការ គាត់ដឹងពីរបៀបទាក់ទងខ្ញុំ។ បើមិនដូច្នេះទេ ដល់ពេលត្រូវរំសាយហើយ។ ខ្ញុំនឹងផ្តោតលើការប្រកួតប្រជែង ជាមួយមនុស្សដែលប្រកាន់យកកីឡាយ៉ាងយកចិត្តទុកដាក់”។ ទោះយ៉ាងណាក៏ដោយ លោក Musk ធ្លាប់បានហៅថៅកែ Meta លោក Mark Zuckerberg ថាជា “មាន់”៕

Most Popular

To Top