ភ្នំពេញ៖លោក អ៊ួ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បក្កតោកម្ពុជារាត្រីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញបានដឹកនាំប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡារិនីកីឡាគុនល្បុក្កតោកម្ពុជាចូលរួមក្នុងកិច្ចប្រជុំ The 22nd Annual General Meeting of the World Martial Arts Union និងចូលរួមព្រឹត្តិការណ៍ការប្រកួត World Martial Art Union នៅទីក្រុងឃ្យុងយូរ សាធារណរដ្ឋកូរ៉េខាងត្បូង។

លោក អ៊ួ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បក្កតោកម្ពុជាបានមានប្រសាសន៍តាមអនឡាញថា លោកបានធ្វើដំណើរទៅប្រទេសកូរ៉េដើម្បីចូលរួមព្រឹត្តិការណ៍ធំៗចំនួន ៣ គឺទី១ កិច្ចប្រជុំ The 22nd Annual General Meeting of the World Martial Arts Union ដោយសារយើងជាសមាជិក World Martial Arts Union ហើយទី២ កិច្ចប្រជុំសមាជិកគណៈកម្មាធិការក្បាច់គុនជាប់ក្នុងបញ្ជីភណ្ឌមរតកវប្បធម៌អរូបីមនុស្សជាតិ និងចុងក្រោយគ្រូបង្វឹក និងកីឡាករ-កីឡារិនីព្រឹត្តិការណ៍ការប្រកួត World Martial Art Union នៅទីក្រុងឃ្យុងយូរ ។

លោកបានបន្តថា ថ្ងៃនេះលោកបានចូលរួមក្នុងកិច្ចប្រជុំ The 22nd Annual General Meeting of the World Martial Arts Union កិច្ចប្រជុំនេះដោយមានការចូលរួមពី ៣២ ប្រភេទក្បាច់គុនបុរាណមកពីជុំវិញពិភពលោក ស្ដីពីការអភិវឌ្ឍន៍ក្បាច់គុនបុរាណដែលជាតំណាងអត្តសញ្ញាណជាតិនីមួយៗ។ ចំណែកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នឹងមានកិច្ចប្រជុំពិសេសមួយសម្រាប់សមាជិកក្បាច់គុនជាប់ក្នុងបញ្ជីរបស់អង្គការយូណេស្កូ។ លោកនឹងធ្វើបទបង្ហាញវឌ្ឍភាពគុនល្បក្កតោកម្ពុជាក្នុងការអភិឌ្ឍដែលស្ថិតក្នុងបញ្ជីរបស់អង្គការយូណេស្កូ។

លោអគ្គលេខារងបានបន្ថែមទៀតថា ព្រឹត្តិការណ៍ការប្រកួត World Martial Art Union កម្ពុជាបានបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡារិនីកីឡាគុនល្បុក្កតោចំនួន ៦ នាក់ រួមមានលោកគ្រូបង្វឹក អឿន រស្មី កីឡាករ ពេជ្រ ពន្លឺ កីឡាករ រុន សាលីត កីឡាករ ធួន ណារ៉ាក់ កីឡាករ ឈើន វណ្ណរិទ្ធ និងកីឡាការិនី សេន សាហ្វីរ៉ា ៕
ដោយ៖លី ភីលីព

