ភ្នំពេញ ៖ ពិធីបិទការប្រកួតកីឡា សិស្សបឋមសិក្សា ថ្នាក់ជាតិឆ្នាំ២០២៣ ប្រភេទកីឡាវាយកូនឃ្លីលើតុ ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០២៣ ដោយមានការ អញ្ជើញ ចូលរួមពីសំណាក់លោក ប៉េងហុង សុជាតិសិលា អនុប្រធានសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា តំណាងឲ្យលោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា និងលោក ប៊ូ វិរៈ អនុប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រង ព្រឹត្តិការណ៍កីឡា នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នៅសាលហ្វឹកហាត់សហព័ន្ធ ។

លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ នៃសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជាបាននិយាយថា គណៈកម្មការរៀបចំការ ប្រកួតកីឡាសិស្សបឋម សិក្សាថ្នាក់ជាតិឆ្នាំ២០២៣ របស់ប្រភេទ កីឡាវាយកូនឃ្លីលើតុ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ នៅសាលហ្វឹកហាត់សហព័ន្ធ ក្នុងពហុកីឡជាតិអូឡាំពិកប្រកួតលើវិញ្ញាសា ៤ វិញ្ញាសា ។

លោក ប៉េងហុង សុជាតិសិលា បានមានប្រសាសន៍ថា ការប្រកួត ធ្វើឡើង ដើម្បីលើកកម្ពស់បច្ចេកទេស និងធ្វើការវាស់ស្ទង់សមត្ថភាព របស់កីឡាករ-កីឡាការិនី វ័យក្មេងរបស់យើង ដែលពួកគាត់មាន សក្តានុពល អាចក្លាយជាបេក្ខជនជម្រើស ជាតិទៅថ្ងៃអនាគត ។ ទាំងនេះ ស្របទៅនឹងផែនការយុទ្ធសាស្ត្រ របស់សហព័ន្ធក្នុងការ ពង្រឹង សមត្ថភាព និងត្រៀមខ្លួនរៀបចំការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ កាន់តែច្រើនបន្ថែមទៀត ។

លោកបានបន្តថា ឆ្លៀត ក្នុងឱកាសនេះ ខ្ញុំសូមផ្ដាំផ្ញើរដល់កីឡាករ-កីឡាការិនីទទួលបានជ័យលាភីកុំភ្លេចហ្វឹក ហាត់បន្តទៀត និងជួយណែនាំបង្ហាត់ បង្ហាញដល់មិត្តរួមថ្នាក់ផងដែរ ។ រីឯអ្នកមិនទាន់ទទួលបាន ជ័យជម្នះ ត្រូវខិតខំហ្វឹកហាត់ទ្វេរដង ដើម្បីសម្រេចបានជោគជ័យ ក្នុងការប្រកួតខាងមុខទៀត៕


