ភ្នំពេញ ៖ លោក ជា ពៅ អគ្គលេខធិការរង នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍ការប្រកួតជើងឯកអាស៊ី ឆ្នាំ ២០២៣ “Inaugural Asian Junior Championship 2023” មានសារសំខាន់ សម្រាប់ការរីកចម្រើន នៃកីឡាវាយកូនបាល់ ការកំណត់អត្តសញ្ញាណទេពកោសល្យ និងការបង្កើតបំពង់បង្ហូរដ៏រឹងមាំ នៃអត្តពលិកជំនាញ ដែលអាចបន្តដើម្បីតំណាងប្រទេស របស់ពួកគេក្នុងកម្រិត នៃការប្រកួតជាច្រើន ។

លោកអគ្គលេខធិការរងបានបន្តថា ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់ជើងឯកអាស៊ី ឆ្នាំ២០២៣ “Inaugural Asian Junior Championship 2023” នឹងធ្វើឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

កីឡាករ-កីឡាការិនីកំពូលអាស៊ីនឹងទទួលបានឱកាសប្រកួតក្នុងព្រឹត្តិការណ៍នេះនឹងផ្តល់ពិន្ទុ ATF 14U ខ្ពស់បំផុត និងឱកាសលេងក្នុងកម្រិតខ្ពស់បំផុត ។
ការប្រកួតខាងលើកនេះមានកីឡាករចំនួន ២៤ នាក់ និងកីឡាការិនី ២៤ នាក់នឹងត្រូវបានជ្រើសរើសសម្រាប់ព្រឹត្តិការណ៍នេះ។ កីឡាករចំនួន ៨ នាក់ និងកីឡាការិនី ៨ នាក់ ត្រូវជ្រើសរើសក្នុងព្រឹត្តិការណ៍ Grade A ដែលធ្វើឡើងនៅម៉ោង ៤។ កីឡាករនឹងទទួលបានឱកាសចូលរួមជាផ្នែក ITF 14U Team ទៅ Florida 2023, ITF/ATF Regional team ប្រចាំខែមករា ឆ្នាំ ២០២៤ និង Elite 14U Asia-Pacific Trophy នៅប្រទេសអូស្រ្តាលី។

លោកបានបន្ថែមទៀតថា ការប្រកួតក៏រួមចំណែកដល់ការអភិវឌ្ឍទូទៅនៃកីឡាករ-កីឡាការិនីវ័យក្មេង ការបង្កើនគុណតម្លៃនៃវិន័យ ការតស៊ូ និងការងារជាក្រុមដែលពង្រីកលើសពីពិភពលោកនៃកីឡាវាយកូនបាល់។ ការប្រកួតនេះមាន ៤ វិញ្ញាសា គឺវិញ្ញាសាឯកត្តជនបុរស វិញ្ញាសាឯកត្តជននារី វិញ្ញាសា វាយគូបុរស និងវិញ្ញាសាវាយគូនារី ។ ចំណែកម្ចាស់ផ្ទះកម្ពុជាបានបញ្ជូនកីឡាករវ័យក្មេង ២ រូបប្រកួតលើ ២ វិញ្ញាសា គឺវិញ្ញាសាឯកត្តជនបុរស និងវិញ្ញាសាឯក្កតវាយគូបុរស ដូចជាកីឡាករ ពៅ វីរៈ និងកីឡាករ សភ្ត័ រតនៈ៕

