កីឡា

ក្រុមវ័យចាស់គួបៃ ឌីកា ទទួលបាន ៣ ពិន្ទុ ការប្រកួតពានរង្វាន់ទ្រទ្រង់មូលនិធិមន្ទីរពេទ្យ គន្ធបុប្ផានា ២០២៣ នៅសប្តាហ៍ទី១

ដោយ៖លី ភីលីព

ភ្នំពេញ៖ ក្រុមបាល់ទាត់វ័យចាស់គួបៃ ឌីកា ទទួលបាន ៣ ពិន្ទុក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ទ្រទ្រង់មូលនិធិមន្ទីរពេទ្យ គន្ធបុប្ផារដូវកាសទី ២ ឆ្នាំ២០២៣ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ នៅទីលានបាល់ទាត់វិទ្យាល័យច្បារអំពៅ បន្ទាប់ពីយកឈ្នះលើគូប្រកួតនៅថ្ងៃបើកឆាកដំបូង។

ក្រុមបាល់ទាត់វ័យចាស់គួបៃ ឌីកា ជាក្រុមមួយដែលរកបានគ្រាប់បាល់ច្រើនជាងគេសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ទ្រទ្រង់មូលនិធិមន្ទីរពេទ្យ គន្ធបុប្ផារដូវកាសទី ២ ឆ្នាំ២០២៣ ក្រោយពីយកឈ្នះក្រុមបាល់ទាត់វ័យចាស់ហនុមានក្នុងលទ្ធផលបច្ចេកទេស ៤ ទល់ ០នៅសប្តាហ៍ទី១។

លោក រិទ្ធ ឌីកា ប្រធានក្រុមបាល់ទាត់វ័យចាស់គួបៃ ឌីកា បានមានប្រសាសន៍ថា ក្រុមបាល់ទាត់វ័យចាស់គួបៃ ឌីកាដែលជាក្រុមប្រមូលផ្តុំកីឡាករបាល់ទាត់វ័យចាស់អតីតជម្រើសជាតិកម្ពុជា និងគ្រូបង្វឹកកីឡាបាល់ទាត់កម្ពុជា ដូច្នេះការចូលរួមការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ទ្រទ្រង់មូលនិធិមន្ទីរពេទ្យ គន្ធបុប្ផារដូវកាសទី ២ ឆ្នាំ២០២៣ នេះធ្វើឡើងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យ គន្ធបុប្ផា។

ប្រធានក្រុមបាល់ទាត់វ័យចាស់គួបៃ ឌីកាបានបន្តថា ប្រសិនបើក្រុមរបស់លោកបានគ្រងតំណែងជើងឯកការប្រកួតពិតមែន ប្រាក់រង្វាន់ដែលទទួលបានរូបលោក និងកូនក្រុមនឹងប្រគល់ជូនមន្ទីរពេទ្យ គន្ធបុប្ផា នេះជាការចូលរួមចំណែកផ្នែកមនុស្សធម៌ក្នុងនាមអតីតកីឡាបាល់ទាត់ជម្រើសជាតិ និងជាមន្រ្តីបច្ចេកទេសក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងផងដែរ។

ការប្រកួតឆ្នាំនេះមាន ១០ ក្រុមចូលរួមដូចជា ក្រុមបាល់ទាត់វ័យចាស់គួបៃ ឌីកា ក្រុមបាល់ទាត់វ័យចាស់ទ័ព ក្រុមបាល់ទាត់វ័យចាស់ 7NG ក្រុមបាល់ទាត់វ័យចាស់ហនុមាន ក្រុមបាល់ទាត់វ័យចាស់ មហាហង្ស ក្រុមបាល់ទាត់វ័យចាស់អូឡាំពិក ក្រុមបាល់ទាត់វ័យចាស់ Healthcare ក្រុមបាល់ទាត់វ័យចាស់ ក្រុងតាខ្មៅ ក្រុមបាល់ទាត់វ័យចាស់ SCS ក្រុមបាល់ទាត់វ័យចាស់រាជសីហ៍៕ ដោយ៖លី ភីលីព

Most Popular

To Top