ភ្នំពេញ ៖ គណៈកម្មាធិការរៀប ចំកីឡាម៉ារ៉ាតុង នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានសហការជាមួយ ក្រុមហ៊ុនឯកជន រៀបចំព្រឹត្តិការណ៍ ការប្រកួតីឡា រត់ប្រណាំងដើម្បីអបអរសាទរ សមិទ្ធផល និងជោគជ័យនៃព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម (SEA Games) និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការ បើកជាផ្លូវការ ការប្រកួតីឡារត់ប្រណាំង ដែលប្រព្រឹត្តឡើងនៅរាជធានី ភ្នំពេញ នាថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៣ ព្រមទំាងអញ្ជើញឲ្យកីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិព្រមទាំង អ្នកឧបត្ថម្ភគាំទ្រ ចូលរួមទំាងអស់ ចំពោះសកម្មភាពមនុស្សធម៌នេះ ។
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ការប្រកួតីឡារត់ប្រណាំងនេះធ្វើឡើង ដើម្បីអបអរសាទរសមិទ្ធផល និងជោគជ័យ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ដែលត្រូវបានរៀបចំឡើង នៅកម្ពុជា កន្លងទៅថ្មីៗនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសហការ ជាមួយដៃគូ ក្រុមហ៊ុន ធានារ៉ាប់រង AIA និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំព្រឹត្តិការណ៍រត់ប្រណាំង អបអរសាទរសមិទ្ធផល និងជោគជ័យ នៃព្រឹត្តិការណ៍នេះ ព្រមទាំងលើកកម្ពស់ការយកចិត្តទុកដាក់ និងការយល់ដឹងដល់ស្ត្រី ដែលមានជំងឺមហារីកសុដន់(CANCER) កំពុងរីករាលដាល នៅលើពិភពលោក។
លោកអគ្គលេខាធិការបានបន្តថា គណៈកម្មាធិការរៀបចំម៉ារ៉ាតុង សូមគោរពអញ្ជើញកីឡាករ-កីឡាការិនី និងអ្នកឧបត្ថម្ភគាំទ្រទាំងឡាយ សូមមេត្តាចូលរួមព្រឹត្តិការណ៍រត់ប្រណាំងអបអរសាទរ សមិទ្ធផល និងភាពជោគជ័យនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ នឹងត្រូវបានរៀបចំឡើង នៅរាជធានី ភ្នំពេញ នាថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៣ ការប្រកួតរួមមានរត់ចម្ងាយ ១០ គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង២,៥គីឡូម៉ែត្រ (សម្រាប់កុមារ និងលក្ខណៈក្រុមគ្រួសារ) ។
ដូច្នេះកីឡាករ-កីឡាការិនី ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម (SEA Games) កន្លងទៅនឹងត្រូវបានអញ្ជើញ ចូលរួមរត់ដើម្បីអបអរសាទរ និងមិត្តភាពជាមួយ កីឡាករ -កីឡាការិនីយើង ដែលបានចុះឈ្មោះរត់ ។ កីឡាករ-កីឡាការិនីទាំងអស់ ដែលបានចូលរួមនឹង ទទួលបាននូវមេដាយ (Finisher) និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ទៀត។ សម្រាប់កីឡាករឥកីឡាការិនី ដែលទទួលបានជ័យលាភី នឹងទទួលបានរង្វាន់លើកទឹកចិត្ត ។
រង្វាន់សម្រាប់ចម្ងាយ ១០ គីឡូម៉ែត្រពីលេខ ១ ដល់លេខ ៣ (ចាប់ពីអាយុ១៣ឆ្នាំឡើង) រង្វាន់សម្រាប់ចំងាយ ៥ គីឡូម៉ែត្រពីលេខ ១ដល់លេខ ៣ (ចាប់ពីអាយុ៧ឆ្នាំឡើង) និងរង្វាន់សម្រាប់ចំងាយ ២,៥គីឡូម៉ែត្រពីលេខ ១ដល់លេខ ៣ (សម្រាប់កុមារមានអាយុក្រោម១២ឆ្នាំ) ៕