ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនី រាជធានីភ្នំពេញ ដណ្តើមបានមេដាយមាស រហូតដល់ ៨ គ្រឿងច្រើនជាងគេ ក្នុងចំណោមបណ្តាល ខេត្តទំាង២៣ ដែលចូលរួមព្រឹត្តិការណ៍ការ ប្រកួតកីឡាសិស្ស មធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ ប្រភេទកីឡាអត្តពលកម្មប្រចាំឆ្នាំ ២០២៣ នៅរៀបចំ ដោយក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយ សហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត ។
នាថ្ងៃនៅទី១០ ខែកក្កដា ឆ្នាំ២០២៣ លោកដួង មាសចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា និងជាប្រធានសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត និង លោក ផៃ សុខ អនុប្រធានសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត បានអញ្ជើញចូលរួមពិធីបិទ ព្រឹត្តិការណ៍ការប្រកួតកីឡាសិស្ស មធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ ។
លោក ប៊ូ ពុធរាត្រី អគ្គលេខាធិការ របស់សហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ការប្រកួតកីឡា សិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣បានប្រព្រឹត្ត ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកដោយមានខេត្តចំនួន ២៣ ចូលរួម ។ ការប្រកួតនេះដើម្បីជំរុញ និងអភិវឌ្ឍកីឡាអត្តពលកម្ម ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី មកពីគ្រប់បណ្តាលខេត្ត។
ភ្នំពេញដណ្តើមបានមេដាយមាស ៨ គ្រឿង និងសំរិទ្ធ ១ គ្រឿង ខេត្តពោធិ៍សាត់ដណ្តើមបានមេដាយមាស ៤ គ្រឿង ប្រាក់ ៣ គ្រឿង និងសំរិទ្ធ ១ គ្រឿង ខេត្តសៀមរាបដណ្តើមបានមេដាយមាស ៤ គ្រឿង ប្រាក់ ១ គ្រឿង និងសំរិទ្ធ ១ គ្រឿង ខេត្តស្វាយរៀងដណ្តើមបានមេដាយមាស ៣ គ្រឿង និងសំរិទ្ធ ២ គ្រឿង ខេត្តកណ្តាលដណ្តើមបានមេដាយមាស ៣ គ្រឿង ប្រាក់ ១ គ្រឿងង និងសំរិទ្ធ ២ គ្រឿង និងខេត្តកំពង់ឆ្នាំងដណ្តើមបានមេដាយមាស ១ គ្រឿង ប្រាក់ ៦ គ្រឿង និងសំរិទ្ធ ២ គ្រឿង។
ចំណែកខេត្តកំពង់ធំដណ្តើម បានមេដាយមាស ១ គ្រឿង ប្រាក់ ៤ គ្រឿង និងសំរិទ្ធ ២ គ្រឿង ខេត្តកំពតដណ្តើម បានមេដាយ ប្រាក់ ៣ គ្រឿង ខេត្តព្រៃវែងដណ្តើមបានមេដាយប្រាក់ ២ គ្រឿង និងសំរិទ្ធ ២ គ្រឿង និងខេត្តបាត់ដំបងដណ្តើម បានមេដាយប្រាក់ ១ គ្រឿង និងសំរិទ្ធ ៣ គ្រឿង៕