ភ្នំពេញ៖ លោក ព្រុំ ប៉ុណ្ណយី ទីប្រឹក្សាក្រសួងតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាត្រូវជំរុញការអភិឌ្ឍន៍ប្រភេទកីឡាវាយកូនឃ្លីលើតុបន្ថែមទៀតតាមបណ្តាលខេត្តឲ្យបានច្រើនជាងនេះ ទោះបីការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣មានត្រឹម ៥ រាជធានីខេត្តចូលរួម។
លោកទីប្រឹក្សាក្រសួងបានលើកឡើងក្នុងឱាសពិធីបិទប្រភេទកីឡាវាយកូនឃ្លីលើកតុក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ នៅរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសហព័ន្ធនាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីលានហ្វឹកហាត់របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
លោកទីប្រឹក្សាក្រសួងបានបន្តថា ឆ្នាំនេះសហព័ន្ធមានតែ ៥ រាជធានីខេត្តចូលរួម ឆ្នាំក្រោយៗលោកសង្ឃឹមថានឹងមានចាប់ពី ៧ ទៅ ១០ រាជធានីខេត្តចូលរួមថែមទៀត ដោយសារប្រភេទកីឡានេះសម្បូរយុវជន និងយុវតីនៅតាមរាជធានីខេត្តចូលចិត្តលេង ជាពិសេសនៅក្លិបនានា សាលារៀនរដ្ឋ និង សាលារៀនឯកជនដែលជាជំរុញ និងបំផុសស្មារតីរបស់សហព័ន្ធ។
លោក ហេង សុជាតិ អគ្គលេខាធិការស្តីទីរបស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបាននិយាយថា ប្រភេទកីឡាវាយកូនឃ្លីលើតុក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣បានប្រព្រឹត្តចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីលានហ្វឹកហាត់ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ ការប្រកួតនេះដើម្បីជំរុញ និងអភិវឌ្ឍកីឡាសហព័ន្ធកីឡាវាយកូនឃ្លីលើតុ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីមកពីគ្រប់បណ្តាលខេត្ត។
ភ្នំពេញដណ្តើមបានមេដាយមាស ៣ គ្រឿង ប្រាក់ ៣ គ្រឿង និងសំរិទ្ធ ១ គ្រឿង ខេត្តបាត់ដំបូងដណ្តើមបានមេដាយមាស ១ គ្រឿង ប្រាក់ ១ គ្រឿង និងសំរិទ្ធ ១ គ្រឿង និងខេត្តកំពង់ចាមដណ្តើមបានមេដាយ សំរិទ្ធ ២ គ្រឿង ៕ ដោយ៖លី ភីលីព




