កីឡា

លោក តែ ឡូរិន ៖ សមិទ្ធផល ទទួលបាន ជាដើមទុន ដ៏សំខាន់ សម្រាប់សហព័ន្ធ ត្រៀមចូលរួមកីឡា អាស៊ីយុវជនលើកទី៥ ឆ្នាំ២០២៩

ដោយ៖លី ភីលីព

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា លោក តែ ឡូរិន ប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា និង លោក តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងអគ្គលេខាធិការរង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធីបិទ ការប្រកួតកីឡាគុនដាវ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នាសាលដំបូលទូក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

ការប្រកួតកីឡាគុនដាវ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ បានចាប់ផ្តើមការ ប្រកួតពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានក្លិប ចូលរួមចំនួន ១២ មកពី ៥ រាជធានី ខេត្តដោយមានកីឡាករ-កីឡាការិនី ៩១ នាក់ ក្នុងនោះ មានកីឡាករ ៥១ នាក់ និងកីឡាការិនី ៤០ នាក់ លើវិញ្ញាសា ៨ ។

លោក លោក តែ ឡូរិន បានមានប្រសាសន៍ថា ក្រោយពីភាពជោគជ័យនៃព្រឹត្តិការណ៍កីឡា SEA GA ME លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ កីឡាគុនដាវ កាន់ តែទទួលបានប្រជាប្រិយភាព និងការចូលរួមកាន់ តែច្រើន ស្របតាម គោលនយោបាយកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រ របស់គណៈកម្មាធិការជាតិរៀបចំ ព្រឹត្តិការណ៍កីឡាអាស៊ី អាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ។

ពោល ចាប់តាំងពីឆ្នាំ២០១៣ សហ ព័ន្ធកីឡាគុនដាវកម្ពុជា បានរៀបចំការប្រកួតកីឡាគុនដាវ ជ្រើសរើសជើងឯក ថ្នាក់ជាតិលើកទី១ មក យើងមានតែកីឡាករ-កីឡាការិនីចូលរួមមានប្រមាណ ៥០នាក់ និងឧបករណ៍រៀបចំការប្រកួត ៥ឈុតប៉ុណ្ណោះ ប៉ុន្តែមកដល់បច្ចុប្បន្ន ជា ពិសេសការប្រកួតជ្រើសរើសជើងឯក ថ្នាក់ជាតិលើកនេះ យើងមានកីឡាករ- កីឡាការិនី ចូលរួមសរុបទាំងអស់ ចំនួន ៩១ នាក់ និងឧបករណ៍ដំឡើង សម្រាប់ប្រកួតមាន រហូតដល់ទៅ ១៩ឈុត ដោយមិនរាប់បញ្ចូល ឧបករណ៍តេស្តិ៍សម្ភារៈ និង ឯកសណ្ឋាន អាចរៀបចំការប្រកួត ជាលក្ខណៈអន្តរជាតិ ព្រមទាំងអាជ្ញាប័ណ្ណ ប្រើប្រាស់ជារៀង រហូតលើកម្មវិធី ប្រកួត Fencing Time (ប្រមាណ ១៥ម៉ឺនដុល្លារ) ។

លោកបានបន្តថា ជាការពិតណាស់ បន្ទាប់ពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ និងជោគជ័យដ៏ត្រចះត្រចង់ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សហព័ន្ធកីឡាគុនដាវកម្ពុជា ទទួលបានឱកាសដ៏ធំធេង ក្នុងបន្តអភិវឌ្ឍ កីឡាគុនដាវនេះ ដើម្បីឈានទៅកម្រិតកាន់តែខ្ពស់មួយទៀត ជាមួយនឹងសមិទ្ធផលដែលយើងសម្រេចបានកន្លងមក រហូតមកដល់ពេល បច្ចុប្បន្នចាប់តាំងពីបាតដៃទទេ នៃការចាប់ផ្តើម ។

លោកប្រធានបានបន្ថែមថា ក្នុងនាមខ្ញុំជាប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា ខ្ញុំយល់ថា សមិទ្ធផល ទទួលបាននេះ គឺជាដើមទុនដ៏សំខាន់សម្រាប់សហព័ន្ធត្រៀមចូលរួមរៀបចំព្រឹត្តិការណ៍កីឡា អាស៊ី យុវជនលើកទី៥ ឆ្នាំ២០២៩ ខាងមុខដើម្បីបោះជំហាន ទៅដល់គោលដៅបានគ្រោងទុក សហព័ន្ធកំពុងរៀបចំ ផែនការយុទ្ធសាស្ត្រថ្មី ដោយធ្វើការផ្លាស់ប្តូរពីការចូលរួម ការប្រកួតអន្តរជាតិមួយចំនួន មកជាការរៀបចំការ ប្រកួតអន្តរជាតិ នៅក្នុងប្រទេសកម្ពុជាវិញ រួមមានការរៀបចំការ ប្រកួតកម្រិតគ្រឹះស្ថានអប់រំ ដើម្បីបង្កើនធនធាន កីឡាករ-កីឡាការនី សម្រាប់ត្រៀមការ ប្រកួតយុវជនអាស៊ី ៕

Most Popular

To Top