ភ្នំពេញ៖លោកទេសរដ្ឋមន្រ្តី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងនិងប្រធានគណៈប្រតិភូកីឡាកម្ពុជានៅថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០២៣បានដឹកប្រតិភូកីឡាកម្ពុជាចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា Asian Games លើកទី១៩ នៅទីក្រុង Hangzhou នៃខេត្ត Zhejiang ភាគខាងកើតប្រទេសចិន បានបង្ហាញពីស្មារតីនៃមិត្តភាព ឯកភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងចំណោមប្រទេសតំបន់អាស៊ី។
លោក វ៉ាត់ ចំរើន អគ្គលេខធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា ថ្ងៃនេះលោកទេសរដ្ឋមន្រ្តី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងប្រធានគណៈប្រតិភូកីឡាកម្ពុជាបានដឹកនក្រុមការងារ និងកីឡាករ-កីឡាការិនីមួយចំនួនទៅចូលរួមការប្រកួតកីឡា Asian Games គឺកីឡាតេក្វាន់ដូ និងកីឡាយូដូ ចំណែកកីឡាមួយចំនួនបានធ្វើដំណើរទៅមុនហើយហើយ។
លោកអគ្គបានបន្តថា កម្ពុជានឹងបញ្ជូនកីឡាករ-កីឡាការិនីចំនួន ១៧ ប្រភេទផ្សេងៗគ្នាចូលរួមលើកនេះ ក្នុងនោះ ១០ ប្រភេទកីឡាជាប្រភេទកីឡាអូឡាំពិក និង ៧ ប្រភេទកីឡាមិនមែនជាប្រភេទកីឡាអូឡាំពិក ។ លោកមានសង្ឃឹម និងជឿជាក់ ព្រមទំាងការចូលរួមយ៉ាងសំខាន់ក្នុងការបង្កើតនូវប្រវត្តិសាស្ត្រថ្មីសម្រាប់វិស័យកីឡានៅកម្ពុជាតាមរយៈការបណ្តុះបណ្តាលកីឡាករ-កីឡាការិនី ប្រកបដោយថាមភាព និងស្មារតីកីឡា ដើម្បីប្រកួតប្រជែងយកជ័យជម្នះជូនជាតិមាតុភូមិ ។
កីឡា គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបំផុស នូវស្មារតីស្នេហាជាតិ ជាពិសេស ការបង្កើតនូវស្មារតី នៃការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធជាកម្លាំងគាំទ្រដ៏សកម្មបំផុត ក្នុងការលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីគ្រប់ៗរូបជាយុទ្ធសាស្រ្តកីឡាមួយយ៉ាងធំ។
ព្រឹត្តិការណ៍អន្តរជាតិពហុកីឡានេះនឹងប្រមូលផ្តុំអត្តពលិកជាង១២,០០០ នាក់មកពី ៤៥ ប្រទេស និងតំបន់នៅទូទាំងទ្វីបអាស៊ី ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៣ ខែកញ្ញាដល់ថ្ងៃទី ៨ ខែតុលា។ លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសថា ព្រះរាជាណាចក្រនឹងបញ្ជូនប្រតិភូអត្តពលិកចំនួន ១១៤ នាក់ ទៅចូលរួមប្រកួតកីឡាចំនួន ១៧ ប្រភេទផ្សេងៗគ្នា នៅក្នុងព្រឹត្តិការណ៍កីឡាដ៏ធំបំផុតរបស់អាស៊ី៕ ដោយ៖លី ភីលីព