ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូ WTកម្ពុជាកាលថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០២៣ បានចេញដំណើរដើម្បីចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា Asian Games លើកទី១៩ នៅទីក្រុង Hangzhou នៃខេត្ត Zhejiang ភាគខាងកើតប្រទេសចិន ក្រោមការដឹកនាំ ដោយលោកទេសរដ្ឋមន្រ្តី ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និង ប្រធានគណៈប្រតិភូ កីឡាកម្ពុជា បានបង្ហាញពីស្មារតី នៃមិត្តភាព ឯកភាព និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ ក្នុងចំណោមប្រទេសតំបន់អាស៊ី ។

ខេមរសហព័ន្ធតេក្វាន់ដូ បានបញ្ជូនគ្រូបង្វឹក ២ រូប និងក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូ WTកម្ពុជាចំនួន ៥ នាក់ លោក ឆយ យ៉ុងសុក គ្រូបង្វឹកតេក្វាន់ដូ WT និងគ្រូបង្វឹកម្នាក់ទៀត ចំណែកក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូ WT រួមមានកីឡាករតេក្វាន់ដូ WT សំ យូដេត កីឡាករ វ៉ា មិថុនា កីឡាការិនី ឈឿង អាលីហ្សា កីឡាការិនី គ្រី លីដែន និងកីឡាការិនី ម៉ម ជូលី ។
ខេមរសហព័ន្ធប្រកួត លើវិញ្ញាសាប្រយុទ្ធ ៥ ប្រភេទទម្ងន់ដូចជាកីឡាករតេក្វាន់ដូ WT សំ យូដេត ប្រភេទទម្ងន់ក្រោម ៥៨ គីឡូក្រាម កីឡាករ វ៉ា មិថុនា ប្រភេទទម្ងន់ក្រោម ៨០ គីឡូក្រាម កីឡាការិនី ឈឿង អាលីហ្សា ប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម កីឡាការិនី គ្រី លីដែន ប្រភេទទម្ងន់ក្រោម ៤៩ គីឡូក្រាម និងកីឡាការិនី ម៉ម ជូលី ប្រភេទទម្ងន់ក្រោម ៥៣ គីឡូក្រាម ។

ព្រឹត្តិការណ៍អន្តរជាតិ ពហុកីឡានេះ នឹងប្រមូលផ្តុំអត្តពលិកជាង១២,០០០ នាក់មកពី ៤៥ ប្រទេស និងតំបន់នៅទូទាំងទ្វីបអាស៊ី ដែលគ្រោងនឹង ធ្វើឡើងចាប់ពីថ្ងៃទី ២៣ ខែកញ្ញាដល់ថ្ងៃទី ៨ ខែតុលា។ លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសថា ព្រះរាជាណាចក្រ នឹងបញ្ជូនប្រតិភូអត្តពលិក ចំនួន ១១៤ នាក់ ទៅចូលរួមប្រកួតកីឡាចំនួន ១៧ ប្រភេទផ្សេងៗគ្នា នៅក្នុងព្រឹត្តិការណ៍កីឡា ដ៏ធំបំផុតរបស់អាស៊ី ៕
ដោយ៖លី ភីលីព
