Alvaro Morata ស៊ុតបញ្ចូលទីបានពីរគ្រាប់ ខណៈដែល Atletico Madrid យកជ័យជម្នះលើ Real Madrid ដែលជាគូប្រជែងក្នុងទីក្រុងរបស់ពួកគេ ក្នុងការប្រកួតក្នុងលីកកំពូលអេស្ប៉ាញ La Liga។
ពួកគេបាននាំមុខក្នុងរយៈពេល 4 នាទីនៅពេលដែលអតីតខ្សែប្រយុទ្ធរបស់ Real Madrid គឺ កីឡាករ Alvaro Morata សម្រេចទីបានយ៉ាងល្អ។ បន្ទាប់មក Antoine Griezmann ធ្វើបានលទ្ធផល 2-0 ជាមួយនឹងការតែតបាល់បញ្ចូលទីមួយគ្រាប់ទៀត មុនពេលការស៊ុតបាល់ពិន័យ Freekick របស់ Toni Kroos បញ្ចូលទីបានយ៉ាងល្អ ធ្វើឱ្យក្រុមភ្ញៀវ តាមពីក្រោយ 1 គ្រាប់វិញ។
ប៉ុន្តែ Morata បានបន្ថែមមួួយគ្រាប់ទៀត ដើម្បីធានា 3 ពិន្ទុ សម្រាប់ Atletico Madrid។ ជ័យជម្នះបានធ្វើឲ្យ Atletico ឡើងទៅឈរលេខ 5 ក្នុងតារាង ខណៈ Real Madrid ឈរលេខ 3 តាមពីក្រោយក្រុមកំពូលតារាង Barcelona។
Jude Bellingham កីឡាករឆ្នើមវ័យ 20 ឆ្នាំ របស់ Real Madrid ដែលគេចាត់ទុកថាជា Key Player សម្រាប់ការប្រកួត Madrid Derby នាយប់មិញនេះ មិនអាចរកគ្រាប់បាល់បាននោះទេ។ Bellingham ស៊ុតបញ្ចូលទីបាន 6 គ្រាប់ក្នុងការបង្ហាញខ្លួន 6 លើកដំបូងសម្រាប់ក្លឹបក្នុងការប្រកួតទាំងអស់ ប៉ុន្តែលទ្ធផលនេះមានន័យថា កីឡាកររូបនេះ បានភ្លក្សរសជាតិចាញ់ជាលើកដំបូងក្នុងនាមជាកីឡាកររបស់ Real Madrid៕
ប្រភព៖sabay