កីឡា

លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ៖ សិក្ខាកាមទាំងអស់ គោរពវិន័យសណ្តាប់ធ្នាប់ ឲ្យបានជាប់ជាប្រចាំ ក្នុងវគ្គបណ្តុះបណ្តាល តាំងពីដើមរហូតដល់ចប់

រូបភាពសហព័ន្ធ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រធានសហព័ន្ធកីឡាគុនខ្មែរ ស្តីទីនាថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធី បើកវគ្គបណ្តុះបណ្តាល មន្ត្រីបច្ចេកទេសគ្រប់គ្រង ការប្រកួតកីឡាប្រដាល់គុនខ្មែរ ដោយប្រព្រឹត្តិទៅរយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា ។

លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យបានមានប្រសាសន៍ថា សិក្ខាកាមទំាងអស់ ត្រូវតែមកសិក្សាឲ្យគ្រាប់ទាំង ៥ ថ្ងៃ ប្រសិនបើសិក្ខាកាមណាម្នាក់ មកសិក្សាគ្រាប់ថ្ងៃទេ សហព័ន្ធមិនអនុញ្ញាតិ ចេញវិញ្ញាបនបត្រ បញ្ជាក់ការ សិក្សាឲ្យឡើយ ដូច្នេះសិក្ខាកាមទំាងអស់ ត្រូវខិតខំសិក្សា ដើម្បីទទួលយកចំណេះដឹង ពីបណ្តុះបណ្តាល មន្ត្រីបច្ចេកទេស គ្រប់គ្រងការប្រកួត ។
សិក្ខាកាមទាំងអស់គោរពវិន័យ សណ្តាប់ធ្នាប់ ឲ្យបានជាប់ជាប្រចាំ ក្នុងវគ្គបណ្តុះបណ្តាលនេះ តាំងពីដើមរហូតដល់ចប់ សិក្ខាកាមទាំងអស់ ត្រូវស្លៀកពាក់សមរម្យ និងគោរពពេលវេលា ក្នុងការរៀនសូត តាមការ កំណត់របស់គណៈគ្រប់គ្រងវគ្គ ដែលមាននៅក្នុងកម្មវិធីសិក្សាជាក់ស្ដែង វគ្គបណ្តុះបណ្តាលនេះមានរយៈពេលខ្លី ដូច្នេះទាមទារឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ត្រង់ត្រាប់ស្តាប់គ្រូឧទ្ទេស នឹងកត់ត្រាទុកនូវចំណុចសំខាន់ៗ ដើម្បីបម្រើឲ្យការប្រឡងបញ្ចប់ វគ្គទទួលបានលទ្ធផលល្អ វគ្គបណ្តុះបណ្តាលនេះ មានការប្រឡងបញ្ចប់វគ្គ និងចេញនូវវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។

លោកប្រធានសហព័ន្ធកីឡាគុនខ្មែរ ស្តីទីបានបន្តថា ការប្រឡងបញ្ចប់វគ្គ សិក្ខាកាមគ្រប់រូបដាច់ខាត ត្រូវតែចូលរួមប្រឡង តាមការកំណត់ដោយ គណៈគ្រប់គ្រងវគ្គ និង គ្រូប្រចាំវគ្គ ចំពោះសិក្ខាកាម ដែលមានសមត្ថភាពប្រឡងជាប់ សហព័ន្ធ កីឡាប្រដាល់គុនខ្មែរ និង ចេញវិញ្ញាបនបត្រ បញ្ជាក់ការសិក្សាជូន ប៉ុន្តែចំពោះសិក្ខាកាម ដែលប្រឡងធ្លាក់ គឺសហព័ន្ធមិនចេញវិញ្ញាបនបត្រ បញ្ជាក់ការ សិក្សាជូនឡើយ ។ សិក្ខាកាមទាំងអស់ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវ និងទទួលបានលទ្ធផល ល្អប្រសើរក្នុងវគ្គបណ្តុះបណ្ដាលនេះ ។

ឆ្លៀតក្នុងឱកាសនេះ លោកសូមធ្វើការថ្លែងអំណរ គុណដល់ក្រសួងអប់រំ យុវជន និងកីឡា តែងតែគាំទ្រ និងយកចិត្តទុកដាក់ផ្តល់ ថវិកាគាំទ្រដល់សហព័ន្ធ កីឡាប្រដាល់គុនខ្មែរជារៀងរាល់ឆ្នាំ ដើម្បីដំណើរការងាររដ្ឋបាល ការងារបណ្តុះបណ្តាល និងការងារប្រកួតប្រចាំឆ្នាំផងដែរ។ ការជួយឧបត្ថម្ភគាំទ្រនេះ បានធ្វើឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានការរីកចំរើនទាំង ផ្នែកធនធានមនុស្ស ផ្នែកបច្ចេកទេស និងការងាររដ្ឋបាល បាន ធ្វើឲ្យមានការចាប់ អារម្មណ៍គាំទ្រពីមហាជន។ ដោយមានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តែងតែយកចិត្តទុកដាក់ តាមដានគាំទ្រ ទាំងនយោបាយដឹកនាំ សម្ភារៈ ថវិកា ជាបន្តបន្ទាប់មក ដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មន្ត្រី បច្ចេកទេសគ្រប់ជំនាញ កីឡាករ-កីឡាការិនី ក្នុងការប្រកួតកីឡាលក្ខណៈជាតិ និងអន្តរជាតិ រហូតទទួលបានមេដាយ ជូនជាតិមាតុភូមិរបស់យើងជាបន្តបន្ទាប់ ។

កម្មវិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស គ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ ក្នុងរយៈ ពេល៥ថ្ងៃនេះក្រោមការផ្តួចផ្តើមគំនិត និងការណែនាំដោយផ្ទាល់ពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធ បានយកចិត្តទុកដាក់ពង្រីកនូវធនធានមនុស្ស ពង្រឹងនូវបច្ចេកទេស ជំនាញ និងក្រមសីលធម៌ ដើម្បីប្រសិទ្ធ ភាពការងារ កាត់បន្ថយបញ្ហាប្រឈមនានា ដែលតែងតែផ្តើមចេញពីការអនុវត្ត មិនគ្រប់ជ្រុងជ្រោយរបស់ មន្ត្រីយើង ក្នុងរយៈពេលកន្លងមក ។

វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស គ្រប់គ្រងការប្រកួតនេះ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ពង្រឹងគុណភាព សមត្ថភាពមន្ត្រីបច្ចេកទេស គ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ ឲ្យមាននិយាមបច្ចេកទេសត្រឹមត្រូវ តាមបទដ្ឋានជាតិ និងអន្តរជាតិ ឲ្យមានប្រសិទ្ធភាពខ្ពស់ស្រប តាមយុទ្ធសាស្តរបស់សហព័ន្ធ ។

លោក ទុយ ប៊ុនហឿន បាននិយាយថា ដោយអនុវត្តផែនការ សកម្មភាពការងារប្រចាំឆ្នាំ២០២៣ របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងការផ្តល់ថវិកា គាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងមានការអនុញ្ញាតពីគណៈកម្មាធិការ ប្រតិបត្តិ លេខាធិការដ្ឋាន បានធ្វើសេចក្តី ជូនដំណឹងដល់បណ្តាសមាគម ក្រសួង រាជធានី ខេត្ត ចាត់ បញ្ជូនមន្ត្រីបច្ចេកទេសចំនួន០១រូប ដើម្បីចូលរួម ។
លេខាធិការដ្ឋាន ក៏បានរៀបចំនូវលិខិតឧទ្ទេសនាម ដើម្បីគ្រប់គ្រង និងដំណើរការវគ្គ មានផ្នែកគ្រប់គ្រងវគ្គ គ្រូឧទ្ទេស ផ្នែកសម្របសម្រួល និងផ្នែក ហិរញ្ញវត្ថុ ដោយមានការអនុញ្ញាត និងចុះហត្ថលេខាដោយ ប្រធានសហព័ន្ធ។ ចំពោះសិក្ខាកាមដែល បានចូលរួមសរុបមានចំនួន៣៥រូប ក្នុងនោះមានស្ត្រី០៤រូប ។ វគ្គបណ្តុះបណ្តាលចាប់ផ្ដើមពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា នាពេលនេះ ៕
ដោយ៖លី ភីលីព

Most Popular

To Top