កីឡា

បើកការប្រកួត កីឡាស្ប៉េស្យាល់អូឡាំពិក ថ្នាក់ខេត្តប្រចាំឆ្នាំ ២០២៣ នៅខេត្តបាត់ដំបង

រូបភាពពី៖​ គណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកកម្ពុជា

បាត់ដំបង៖ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ ២០២៣ ដោយមានការអញ្ជើញចូលរួមប្រគល់ជយលាភីពីសំណាក់លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធាន គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងលោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តបាត់ដំបង ព្រមទាំងប្រតិភូ គ្រូបង្វឹក អាណាព្យាបាល និងក្មួយៗកីឡាករ-កីឡាការិនីនៅខេត្តបាត់ដំបង ។

លោក សែម សុខា បានមានប្រសាសន៍ថា កន្លងមកគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រឹងពង្រីកចលនាស្ប៉េស្យាល់អូឡាំពិកដល់បណ្តាខេត្តនានា ព្រមទាំងបានបណ្តុះបណ្តាលមន្រ្តីជំនាញធ្វើការហ្វឹកហាត់ ដល់ជនពិការខ្សោយសតិបញ្ញា ក្នុងគោលបំណងផ្តល់ឱកាសឱ្យពួកគាត់ បានចូលរួមក្នុងសកម្មភាពសង្គម។ ពិតណាស់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការវិនិយោគលើវិស័យពិការភាពជាច្រើនឆ្នាំណាស់មកហើយ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានកំពុងស្តារនិងអភិវឌ្ឍមាតុប្រទេស ពិសេសការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ជាឱកាសសម្រាប់លើកកម្ពស់សិទ្ធិជនមានពិការភាពនិងការស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនមានពិការភាព។

លោកបានបន្តថា ដើម្បីលើកស្ទួយវិស័យពិការភាពនៅកម្ពុជា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែង និងបានចំណាយថវិការដ្ឋយ៉ាងច្រើន គឺសំដៅជួយដល់ជនពិការ និងក្រុមគ្រួសារទទួលបានគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង ទទួលបានសេវាសង្គម និងសេវាសាធារណៈ ប្រកបដោយគុណភាព រួមទាំងជំរុញអោយជនមានពិការភាព បានចូលរួមគ្រប់សកម្មភាពក្នុងសង្គម ទាំងការចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះជាបេក្ខជនបោះឆ្នោត ការទទួលបានការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូរ ព្រមទាំងការគិតគូរដាក់បញ្ចូលពិការភាពក្នុងគ្រប់វិស័យ តាមរយៈការកែសម្រួល និងរៀបចំលិខិតបទដ្ឋានគតិយុត្ត ការចុះផ្សព្វផ្សាយការយល់ដឹងអំពីវិស័យពិការភាពទៅគ្រប់ក្រសួងស្ថាប័នរដ្ឋ ទាំងថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍនានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ជនមានពិការភាពនៅប្រទេសកម្ពុជា។

លោក ឆាយ ម៉ាទីណាល់ ក៏បានមានប្រសាសន៍ថា ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកក្នុងគោលបំណងផ្តល់ឱកាសឲ្យក្រុមកីឡាករ-កីឡាការិនីខ្សោយសតិបញ្ញា ថ្នាក់ភូមិ ឃុំ ស្រុក ខណ្ឌ ខេត្ត និងខេត្ត បានជួបជុំគ្នា ធ្វើការប្រកួតប្រជែង ដើម្បីចែករម្លែក បទពិសោធន៍ ភាពសប្បាយរីករាយពីគ្នាទៅវិញទៅមក លើកកំពស់ ជនបញ្ញាខ្សោយ និងលុបបំបាត់ពីការការរើសអើងផ្សេងៗនៅក្នុងសង្គម។

ការប្រកួតមិនមែនដើម្បីតែជ័យជំនះម៉្យាងនោះទេ គឺដើម្បីមិត្តភាព សាមគ្គីភាព និងផ្តល់ឱកាសចូលរួមសកម្មភាពក្នុងសង្គមតាមរយៈវិស័យកីឡា ស្របតាមចលនាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់ពិភពលោក។ ជាពិសេស ការប្រកួតនេះដើម្បីជ្រើសរើសកីឡាករ កីឡាការិនីឆ្នើម ទៅចូលរួមការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ នាចុងខែតុលាខាងមុខផងដែរ។ ដោយ៖លី ភីលីព

Most Popular

To Top