ភ្នំពេញ ៖ លោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ និង ជាអនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា អនុញ្ញាតទទួលស្វាគមន៍ លោក កេន លី ទីប្រឹក្សាប្រធានសហព័ន្ធកីឡារ៉ូអ៉ីងអាស៊ី និងគណៈប្រតិភូ សហព័ន្ធកីឡារ៉ូអ៊ីងអាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារកីឡាទូករ៉ូអ៉ីងនៅកម្ពុជា នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រោយចង្វារ ។

លោកនាយឧត្តមនាវី ទៀ វិញ បានមានប្រសាសន៍ថា ការអនុវត្តកន្លងមក នៅឆ្នាំ២០១៩ សហព័ន្ធបានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសកីឡាទូករ៉ូអ៉ីង ចំនួន១លើក ដែលមានសិក្ខាកាមចំនួន២៥រូប និងសហព័ន្ធបានបញ្ជូនកីឡាករ ចំនួន២រូបទៅចូលរួមបណ្តុះបណ្តាលកីឡាទូករ៉ូអ៉ីង នៅប្រទេសថៃ ។
លទ្ធផលក្នុងឆ្នាំ២០២២ កម្ពុជាដណ្ដើមបានមេដាយសំរឹទ្ធ ០១គ្រឿងលើវិញ្ញាសារទូករ៉ូអ៉ីង 2X ពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣១ នៅប្រទេសវៀតណាម។

លោក ទៀ វិញ តំណាងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា បានស្នើសុំលោកទីប្រឹក្សាសហព័ន្ធកីឡាទូករ៉ូអ៉ីងអាស៊ី មេត្តាជួយឧបត្ថម្ភ:ដូចជាឧបត្ថម្ភ គំាទ្រដល់កីឡាករកម្ពុជាឲបានទៅហ្វឹកហាត់នៅអន្តរជាតិ រយៈពេលខ្លី ឬរយៈពេលវែង។ ផ្តល់សម្ភារៈហ្វឹកហាត់ ដូចជា ទូករ៉ូអ៉ីង ស្បែកជើង ម៉ាស៊ីនទូករ៉ូអ៉ីង និងសម្ភារៈកីឡា (Gym) ដល់កម្ពុជា និងស្នើសុំជួយផ្តល់គ្រូបង្វឹកកីឡាទូករ៉ូអ៉ីង មកជួយបង្ហាត់ដល់កីឡាករកម្ពុជា ចាប់ពីឆ្នាំ២០២៤ តទៅ ៕
ដោយ៖លី ភីលីព





