ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនី ក្រសួងការពារជាតិ ដណ្តើមមេដាយមាស រហូតដល់ចំនួន ១១ គ្រឿង ឯណោះ ដែលនាំឲ្យ ក្រសួងការពារជាតិ គ្រងរក្សាតំណែងជើងឯក ក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡា អត្តពលកម្ម ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ ខណៈក្រុមកីឡាករ -កីឡាការិនី ក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាសចំនួន ៣ គ្រឿង ការប្រកួតរៀបចំ ដោយឡើងសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត ក្រោមការប្រើប្រាស់ ថវិកាឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

ក្នុងឱកាសប្រកាសពិធីបិទ ជាផ្លូវការនៃព្រឹត្តិការណ៍ការ ប្រកួតកីឡាអត្តពលកម្ម ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការអញ្ជើញ ពីសំណាក់លោក ដួង មាសចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា និងជាប្រធានសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត និងលោក ផែ សុខ អនុប្រធានសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត ។

ក្រុមកីឡាករ-កីឡាការិនីក្រសួងការពារជាតិ ដណ្តើមមេដាយមាសចំនួន ១១ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង ខណៈក្រុមកីឡាករ-កីឡាការិនីក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាសចំនួន ៣ គ្រឿង មេដាយប្រាក់ ៦ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង និងក្រុមកីឡាករ-កីឡាការិនីខេត្តកណ្តាលដណ្តើមមេដាយមាស ចំនួន ១ គ្រឿង និងមេដាយប្រាក់ ២ គ្រឿង ។
ក្រុមកីឡាករ-កីឡាការិនីកំពង់ធំ ដណ្តើមមេដាយមាសចំនួន ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ក្រុមកីឡាករ-កីឡាការិនីកំពតដណ្តើមមេដាយមាសចំនួន ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ចំណែកក្រុមកីឡាករ-កីឡាការិនីខេត្តកំពង់ស្ពឺ និងភ្នំពេញដណ្តើមមេដាយមាសចំនួន ១ គ្រឿងដូចគ្នា ។

ដោយអនុវត្តតាមផែនការប្រចាំឆ្នាំ២០២៣ របស់សហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត និង ទទួលបានគោលការអនុញ្ញាត និងឧបត្ថម្ភថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រកួតកីឡា អត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ ដើម្បីឱ្យកីឡាករ កីឡាការិនី ទាំងថ្នាល និងយុវជន មកពីសមាគម ក្លឹប ក្រសួង មន្ទីរ រាជធានី ខេត្ត បានដកស្រង់បទពិសោធន៍បច្ចេកទេសពីគ្នាទៅវិញទៅមក និង ដើម្បីបង្កើនសិទ្ធិផលបច្ចេកទេសដល់កីឡាករ កីឡាការិនី ពិសេសជ្រើសរើសកីឡាករ កីឡាការិនី ឆ្នើម សម្រាប់ត្រៀមចូលរួម ក្នុងការប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិ និងចូលរួមប្រកួតកីឡា អត្តពលកម្មកម្រិតអន្តរជាតិ នានាផងដែរ ។

ព្រឹត្តិការណ៍ការ ប្រកួត កីឡាអត្តពលកម្មជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ មានរាជធានីខេត្តចូលរួមចំនួន ១៤ ដែលមានកីឡាករ -កីឡាការិនីចំនួន ១៦៩ នាក់ដូចជាក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តពោធិ៍សាត់ ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តសៀមរាប ៕

