ភ្នំពេញ ៖ លោក ដួង មាសចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា និងជាប្រធានសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត បានមានប្រសាសន៍ថា ការរៀបចំការ ប្រកួតកីឡាអត្តពលកម្ម ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំធ្វើឡើង ក្នុងគោលបំណង ដើម្បីផ្តល់ឱកាស និង លើកកម្ពស់ស្មារតី និងបច្ចេកទេសរបស់កីឡាករ-កីឡាការិនីអត្តពលកម្ម យុវជនសំដៅជំរុញឲ្យសមាគមក្រសួង មន្ទីរ និងក្លិប កីឡាអត្តពលកម្មជាសមាជិក ។
លោកបានបន្តថា ការចូលរួមជំរុញឲ្យសមាគមក្រសួង មន្ទីរ និងក្លិប កីឡាអត្តពលកម្មជាសមាជិក ដកស្រង់បទពិសោធន៍ បំផុស ផ្សព្វផ្សាយ និងប្រកួតបង្កើនគុណផល បច្ចេកទេស ឲ្យបានល្អប្រសើរ ត្រៀមលក្ខណៈចូលរួមប្រកួតកីឡាអត្តពលកម្មថ្នាក់តំបន់ និងពិភពលោក នាឆ្នាំបន្ទាប់ៗ ដូចជាការប្រកួត កីឡាសិស្សអាស៊ាន និងការប្រកួតជ្រើសរើសជើងឯកបើកទូលាយ ថ្នាក់តំបន់ និងពិភពលោក នានា ពិសេស គឺបង្កើនគុណផល បច្ចេកទេសសម្រាប់ ត្រៀមចូលរួមការ ប្រកួតកីឡាអាស៊ីនាឆ្នាំ២០២៩ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ ។
លោក ដួង មាសចំរើន អគ្គនាយករងថា លើសពីនេះទៀត កីឡាអត្តពលកម្ម គឺ ជាប្រភេទកីឡាអាទិភាពមួយ ដែលមានវិញ្ញាសាច្រើន ក្នុងការផ្តល់ឱកាស ឲ្យក្រុមកីឡាករ-កីឡាការិនី អាចមានជម្រើសចាប់ យកវិញ្ញាសាណាមួយទៅតាមទេពកោសល្យ ដែលខ្លួនមាន និងស្រលាញ់ចូលចិត្ត ដើម្បីហាត់ហ្វឹកហ្វឺន ទទួលបានលទ្ធផលល្អ ប្រសើរ និងទទួលបានមេដាយច្រើន បើប្រៀបធៀបទៅនឹងប្រភេទកីឡាផ្សេងៗ ទៀត ។
បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការបានយកចិត្តទុក ដាក់ខ្ពស់ក្នុងការកែទម្រង់ ស៊ីជម្រៅការប្រកួតកីឡា គ្រប់ប្រភេទ និងក៏បានវិមជ្ឈការថវិកា គាំទ្រដល់ សហព័ន្ធកីឡាជាតិ ដើម្បីរួមចំណែកក្នុងការពង្រឹងការងាររដ្ឋបាល បណ្តុះបណ្តាលធនធាន មនុស្ស និង ហេដ្ឋារចនាសម្ព័ន្ធកីឡា និង បានកែទម្រង់ការប្រកួតកីឡាថ្នាក់ជាតិ ពីកម្រិតបឋម មធ្យម ឧត្តមសិក្សា ជ្រើសរើសជើងឯកប្រចាំឆ្នាំ និងបានរៀបចំការ ប្រកួតកីឡាជាតិ (National GAMES) ការប្រកួតកីឡា សិស្សថ្នាក់ជាតិ (National School GAMES) និងការប្រកួតកីឡា សាកលវិទ្យាល័យ ថ្នាក់ជាតិ (National University GAMES) រៀងរាល់ពីរឆ្នាំម្តង ដើម្បីពង្រឹងសមត្ថភាព កីឡាករ កីឡាការិនី ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ និងអន្តរជាតិនានា ក្នុងន័យលើក ស្ទួយវិស័យកីឡា រួមចំណែកក្នុងការកសាងធនធានមនុស្ស និងសង្គមជាតិ ព្រោះថាកីឡាកសាង មនុស្ស មនុស្សកសាងជាតិ ។
ជាថ្មីម្តងទៀត ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈ កម្មការបច្ចេកទេសរបស់សហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត សមាគមក្រសួង មន្ទីរ និងក្លិបកីឡាអត្ត ពលកម្ម រាជធានី ខេត្ត ដែលបានបញ្ជូនកីឡាករ កីឡាការិនី មកចូលរួមប្រកួតព្រមទាំងសហការ ជាមួយគណៈកម្មការរៀបចំការ ប្រកួតបានល្អប្រសើរ ធ្វើឱ្យយើងជ្រើសរើសបានកីឡាករ កីឡាការិនីឆ្នើម ឆ្នាំ២០២៣ នេះ ។
សូមថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់ថវិកាគាំទ្រដល់សហព័ន្ធរៀបចំការប្រកួតនេះ និងសូមអរគុណចំពោះក្រុមហ៊ុន សប្បុរសជននានា ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យកីឡា ក៏ដូចជាអភិវឌ្ឍសង្គម ៕
ដោយ៖លី ភីលីព