ភ្នំពេញ៖ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ មន្រ្តីបច្ចេកទេសគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ ដែលទទួលការបណ្តុះបណ្តាលជំនាញរយៈពេល៥ថ្ងៃបានបញ្ចប់ដោយជោគជ័យ ដោយឆ្លងកាត់ការប្រឡងបញ្ចប់វគ្គសុទ្ធតែទទួលបានលទ្ធផលជាផ្លែផ្កាក្នុងចំណេះជំនាញកាន់តែស៊ីជម្រៅ មិនមានអ្នកធ្លាក់ទេ ដោយពិធីបិទវគ្គនេះត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡានៃពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក ម៉ិល កាដូ ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានលើកឡើងថា ថ្ងៃនេះ គឺជាថ្ងៃដ៏វិសេស វិសាលមួយ របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលបានសម្រេចជោគជ័យបញ្ចប់វគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ តាមការគ្រោងទុក ដូចក្នុងរបាយការណ៍របស់ប្រធានគ្រប់គ្រងវគ្គបានរាយការណ៍ជូនមុននេះរួចហើយ។ ក្រសួងអប់រំ យុវជន និងកីឡា តែងតែបានផ្តល់ ថវិកាគាំទ្រដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដើម្បីឱ្យសហព័ន្ធមានលទ្ធភាពដំណើរលើការងាររដ្ឋបាល ការងារបណ្តុះបណ្តាល និងការងារប្រកួតប្រចាំឆ្នាំ។ ការជួយឧបត្ថម្ភគាំទ្រនេះបានធ្វើឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរមានការរីកចម្រើនជាបន្តបន្ទាប់ ទាំងការគ្រប់គ្រង បច្ចេកទេស កីឡាករកីឡាការិនី និងការប្រកួតកីឡាជាលក្ខណៈជាតិ និងអន្តរជាតិដោយទទួលបានមេដាយជូនជាតិមាតុភូមិជាបន្តបន្ទាប់។

វគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរក្នុងរយៈពេល៥ថ្ងៃ ដើម្បីពង្រីកនូវធនធានមនុស្ស លើកកម្ពស់ការយល់ ដឹង ពង្រឹងបច្ចេកទេសជំនាញលើការគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរឲ្យមាននិយាមបច្ចេកទេសត្រឹមត្រូវតាមបទដ្ឋានជាតិ និងអន្តរជាតិ ស្របតាមយុទ្ធសាស្ត្រ របស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរជាលក្ខណៈជាតិ និងអន្តរជាតិនានា។

អនុប្រធានរូបនេះបានណែនាំឱ្យសិក្ខាកាមទាំងអស់ក្រោយពីទទួលបានចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះដូចតទៅវគ្គបានបញ្ចប់ហើយ ប៉ុន្តែត្រូវសិក្សាស្រាវជ្រាវនូវបច្ចេកទេស វិធីសាស្ត្រ ថ្មីៗបន្ថែមទៀត ឱ្យទាន់ព្រឹត្តិការណ៍ជាតិ អន្តរជាតិ។ នាំយកចំណេះដឹង បទពិសោធន៍ ដែលទទួលបានពីលោកគ្រូឧទ្ទេស ទាំងអស់ ទៅ បង្ហាត់ បង្រៀន ផ្សព្វផ្សាយទៅសមាគម ក្លិប កីឡាករ កីឡាករិនីរបស់ខ្លួន ឱ្យបាន ចេះដឹង កាន់ តែទូលំទូលាយបន្ថែមទៀត។ នាំយកចំណេះដឹង បទពិសោធន៍ ទៅប្រើប្រាស់ឱ្យចំគោលដៅឱ្យបានត្រឹមត្រូវ ដើ ម្បី ជាប្រយោជន៍ដល់វិស័យកីឡាប្រដាល់គុនខ្មែរ។

លោក ទុយ ប៊ុនហឿន អគ្គលេខាធិការរង សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបញ្ជាក់ថា ដោយអនុវត្តផែនការសកម្មភាពរបស់សហព័ន្ធឆ្នាំ២០២៣ និងការផ្តល់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាឆ្នាំ២០២៣ ដើម្បីអភិវ ឌ្ឍសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ ការរៀបចំវគ្គនេះឡើង ក្នុងគោលបំណងពង្រីកវិសាលភាពធនធា ន មនុ ស្សឱ្យស្របនឹងការរីកចម្រើននៃព្រឹត្តិការណ៍ការប្រកួតកីឡាគុនខ្មែរទាំងការប្រកួតថ្នាល ការប្រកួតលក្ខណៈជាតិ និងអន្តរជាតិ។

លោក ទុយ ប៊ុនហឿន បន្ថែមថា នៅក្នុងវគ្គនេះមានសិក្ខាកាមចូលរួមសរុប៤៤នាក់ ស្រី៤នាក់ មកពីសមាគម ក្លឹបកីឡ ប្រដាល់ ក្រសួង រាជធានី ខេត្ត។ ប្រធានបទក្នុងការបង្រៀនមានលក្ខណៈ ឬក្របខណ្ឌនៃការប្រកួត រចនាសម្ព័ន្ធគ្រប់គ្រងការប្រកួត ភារកិច្ចរបស់គណៈកម្មការរៀបចំការប្រកួត និងការរៀបចំបទបញ្ជាគ្រប់គ្រងការប្រកួត។ ឆ្លងតាមវគ្គអស់រយៈពេល៥ថ្ងៃនេះអាចវាយតម្លៃបានថា សិក្ខាកាមទាំងអស់បានយកចិត្តទុកដាក់ ខិតខំស្តាប់ការពន្យល់ណែនាំពីលោកគ្រូឧទ្ទេស តាមរយៈការប្រឡងទទួលបានលទ្ធផលល្អប្រសើរ ដោយមិនមានអ្នកធ្លាក់នោះទេ ខណៈសិក្ខាកាមទទួលបាននិទ្ទេសល្អមានចំនួន ១៥នាក់ និងនិទ្ទេសមធ្យមមានចំនួន ២២នាក់៕
ដោយ៖លី ភីលីព
