កីឡា

លោក ដួង មាសចំរើន ៖ វគ្គនេះ ជាការអភិវឌ្ឍ វិស័យកីឡា លើកទម្ងន់ ឲ្យក្លាយជាប្រភេទ កីឡាមានសក្តានុពល និង ប្រជាប្រិយ៍ភាព

ដោយ៖លី ភីលីព

ភ្នំពេញ ៖ លោក ដួង មាសចំរើន អគ្គនាយករង នៃនាយកដ្ឋានកីឡា លោក ផាត់ បញ្ញាសុជាតក៍ ជាអនុប្រធានសហព័ន្ធកីឡា លើកទម្ងន់កម្ពុជាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធិបិទ វគ្គបណ្ដុះបណ្ដាល មន្ត្រីបច្ចេកទេសកីឡា លើកទម្ងន់ថ្នាក់ជាតិ លើកទី៣ ឆ្នាំ២០២៣ បានដំណើរ ការរយៈពេល ០៣ថ្ងៃ ពេញ គឺចាប់ពីថ្ងៃទី២៩-៣០ ខែកញ្ញា និងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នៅទីស្នាក់ការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។

លោក ដួង មាសចំរើន បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាល មន្ត្រីបច្ចេកទេស ថ្នាក់ជាតិ (NTO)នេះ ពិតជាមានសារសំខាន់ សម្រាប់សហព័ន្ធកីឡា លើកទម្ងន់កម្ពុជា ដែលជាប្រភេទកីឡាអូឡាំពិក យើងទើបនឹងចាប់ដំណើរការ ឈានចូលអាណត្តិទី២ ឆ្នាំទី១ ក្នុងនាមជាអ្នកសម្រេច ចិត្តកាត់ក្តី អនុវត្តទៅតាមច្បាប់អន្តរជាតិ បទបញ្ជាការប្រកួត ដែលមានចែង ដោយតម្លាភាព យុត្តិធម៌ និងមានការទទួលខុសត្រូវ ក្រមសិលធម៌ វិជ្ជាជីវ ។

លោកអគ្គនាយករងបានបន្តថា ដូច្នេះការអភិវឌ្ឍវិស័យ កីឡាលើកទម្ងន់ ឲ្យក្លាយជាប្រភេទកីឡា ដែលមានសក្តានុពល មានប្រជាប្រិយ៍ភាព ដើម្បីសុខភាពប្រជាពលរដ្ឋ គឺជាយុទ្ធសាស្ត្រដ៏ធំធេងណាស់ ត្រូវកត្តារួមផ្សំពីគ្រប់មជ្ឈដ្ឋាន មន្ត្រីបច្ចេកទេស គ្រូបង្វឹក អត្តពលិក ត្រូវស្វែងយល់អំពី ច្បាប់ បទបញ្ជាការប្រកួតឲ្យបានច្បាស់លាស់ និងត្រូវផ្សព្វផ្សាយពីរបៀប នីតិវិធីនៃការហ្វឹកហាត់ ការប្រកួត ទៅដល់អាណាព្យាបាល មាតាបិតា មហាជនគាំទ្រ និងអ្នកឧបត្ថម្ភ ជៀសវាងនូវការយល់ច្រឡំ នាំឲ្យបានបង់ នូវតម្លៃមន្ត្រីបច្ចេកទេស និង ប្រជាប្រីយ៍ភាពសហព័ន្ធ ។

ដណ្តើមយកមេដាយ ក្នុងការប្រកួតកីឡា លើកទម្ងន់លើឆាកអន្តរជាតិ ជាពិសេសការប្រកួតកីឡាអាស៊ីយុវជនហ្គេម លើកទី៥ ឆ្នាំ២០២៩។ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៤ ឆ្នាំ២០២៤ ត្រូវឲ្យមានខេត្ត-រាជធានី យ៉ាងតិច ១១ ដែលកំណត់គោលដៅយុវជន សម្រាប់ឆ្នាំ២០២៩។ វគ្គសិក្ខាសាលាស្តីពី ការបណ្ដុះបណ្ដាល គ្រូបង្វឹកក្លាយជាគ្រូបង្វឹក កម្រិតអន្តរជាតិ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតលើគម្រោង អភិវឌ្ឍសមត្ថភាពរបស់ IWF ឆ្នាំ២០២៣ ។

លោក សំ សុខយី អគ្គលេខាធិការបាននិយាយថាវគ្គនេះមានសិក្ខាកាមចូលរួមទាំងអស់ចំនួន ២០នាក់ ស្រ្តី ០៧នាក់ មកពីខេត្ត-រាជធានី ចំនួន៤ គឺ បាត់ដំបង សៀមរាប កំពង់ចាម និងរាជធានីភ្នំពេញ ជាមន្ត្រីបច្ចេកទស គ្រូបង្វឹក គឺជាតួអង្គដ៏សម្ខាន់បានចូលរួម ត្រូវបានបញ្ចប់ប្រកបដោយជោគជ័យ។ គ្រូឧទ្ទេសវគ្គបំប៉ននេះរួមមាន លោក សំ សុខយី អគ្គលេខាធិការ លោក ផេង ប៉ាក អគ្គលេខាធិការរង លោកស្រី ពៅ គាថា មន្ត្រី(ITO) កញ្ញា ហាន ស្រីនីច មន្ត្រី(ITO) និងលោក ប៉ែន វឌ្ឍនៈយុត្តិ វេជ្ជបណ្ឌិត ។

មន្ត្រីបច្ចេកទស គ្រូបង្វឹក គឺជាតួអង្គដ៏សម្ខាន់ ជាពិសេសលោក លោកស្រីជាមន្ត្រីថ្នាក់ដឹកនាំក្នុងសហព័ន្ធ បានចូលរួមចែករំលែកបទពិសោធន៍ល្អៗ ឲ្យគ្នាទៅវិញទៅមក ធ្វើឲ្យសិក្ខាសាលនេះកាន់តែមានភាពផុសផុល បានបង្កើននូវសមត្ថភាពថ្មី ក្នុងការត្រួតពិនិត្យវាយតម្លៃកីឡាករ កីឡាការិនី ក្នុងពេលហ្វឹកហាត់ និងការប្រកួតនានា ប្រកបដោយតម្លាភាព យុត្តិធម៌ (Fair play) និងមានភាពឆ្លាតវៃអាចជួយសម្រួលកិច្ចការផ្សេងៗទាន់ពេលវេលា ធ្វើឲ្យសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា មានមុខ ស្មើមាត់ជាមួយនឹងសហព័ន្ធកីឡាអន្តរជាតិ មានការទទួលស្គាល់ពីអាជ្ញាធរកីឡាជាតិ គ្រប់កម្រិត ប្រព័ន្ធផ្សព្វផ្សាយ និងមហាជនមានការគាំទ្រលើវិស័យកីឡាលើកទម្ងន់ ។

លោកបន្តថា ដើម្បីធានាបាននូវការគោរពតាមគោលការណ៏ តួនាទី ភារកិច្ច និងទំនួលខុសត្រូវលើការរៀបចំ អនុវត្តដឹកនាំកិច្ចការប្រកួតនានា ពិសេសព្រឹត្តិការណ៍ប្រកួតកីឡាជាតិ និងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣៣ ឆ្នាំ២០២៥ ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កា ជាតិមាតុភូមិ។ក្នុងនាមគណៈកម្មការគ្រប់គ្រងវគ្គ ខ្ញុំបាទសូមវាយតម្លៃខ្ពស់ចំពោះគ្រូឧទ្ទេស និងសិក្ខាកាម ទាំងអស់ដែលបានខិតខំប្រឹងប្រែងរួមគ្នា និងមានឆន្ទៈខ្ពស់ លះបង់ពេលវេលាធ្វើឲ្យវគ្គនេះ ទទួលបាន ជោគជ័យនាពេលនេះ ។

ជាលទ្ធផលក្នុង ការវាសស្ទង់ សមត្ថភាពឃើញថា សិក្ខាកាម ទទួលបានលទ្ធផលល្អ ចំនួន៣៥ភាគរយស្មើនឹង ៧នាក់ សិក្ខាកាមទទួល បានលទ្ធផលបង្គួរចំនួន ៥៥ភាគរយស្មើនឹង ១១នាក់ និងសិក្ខាកាមទទួលបានលទ្ធផលមធ្យម ចំនួន១០ភាគរយស្មើនឹង ០២នាក់ ៕

Most Popular

To Top