កីឡាករបាល់ទាត់អាជីព ដែលមានវ័យចំណាស់ជាងគេ លើពិភពលោកគឺកីឡាករ Kazuyoshi Miura។
ខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Miura បច្ចុប្បន្នមានវ័យ ៥៦ ឆ្នាំ ហើយកំពុងប្រកបមុខរបរជាកីឡាករបាល់ទាត់អាជីពនៅក្លឹប Oliveirense ដែលជាក្លឹបស្ថិតនៅលីគព័រទុយហ្គាល់លំដាប់ទី ២។ Miura លេងនៅទីនោះក្នុងនាមជាកីឡាករខ្ចីជើងពីក្លឹបជប៉ុន Yokohama។
Miura ចាប់ផ្ដើមអាជីពបាល់ទាត់កាលពី ៣៧ ឆ្នាំមុន ពោលគឺនៅឆ្នាំ ១៩៨៦ នៅក្លឹបប្រេស៊ីល Santos ហើយបន្ទាប់មកនៅក្លឹបជាច្រើននៅប្រេស៊ីល ក្រូអាត អ៊ីតាលី និងជប៉ុន។ ពីឆ្នាំ ២០០១-២០០៥ កីឡាករលេងនៅក្លឹប Vissel Kobe ហើយចាប់ពីឆ្នាំ ២០០៥ មករហូតមកពេលបច្ចុប្បន្ន គឺលេងនៅក្លឹប Yokohama ដែលជាក្លឹបស្ថិតក្នុងលីគកំពូលជប៉ុន។ ក្នុងអំឡុងពេលនៅជាមួយ Yokohama កីឡាករធ្លាប់ត្រូវបានខ្ចីជើងចំនួនបីលើក គឺលើកទី ១ នៅក្លឹប Sydney នៅឆ្នាំ ២០០៥ លើកទី ២ នៅក្លឹប Suzuka Point Getters នៅឆ្នាំ ២០២២ និងក្លឹបព័រទុយហ្គាល់ Oliveirense នៅឆ្នាំ ២០២៣។
គិតតាំងពីថ្ងៃចូលលេងអាជីពដំបូងរហូតដល់បច្ចុប្បន្ន ខ្សែប្រយុទ្ធលេង ៧៨៧ ប្រកួត និងស៊ុតចូល ២១៨ គ្រាប់។
Kazuyoshi Miura ធ្លាប់លេងឲ្យក្រុមជម្រើសជាតិជប៉ុនពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០០០ ដោយលេងសរុប ៨៩ ប្រកួត និងស៊ុតចូល ៥៥ គ្រាប់។
យោងតាមការចុះផ្សាយរបស់ BBC កីឡាករ Miura ធ្លាប់បាននិយាយថា ចង់បន្តលេងអាជីពរហូតដល់អាយុ ៦០ ទើបចូលនិវត្តន៍៕