អតីតខ្សែបម្រើប្រយុទ្ធក្រុមជម្រើសជាតិ បែលហ្សិកកីឡាករ Eden Hazard នឹងត្រលប់មកលេង បាល់ទាត់វិញនៅក្នុងខែតុលានេះ ក្រោយពេលដែលខ្លួនបានផ្ដាច់កុងត្រា ជាមួយក្លឹប Real Madrid កាលពីខែមិថុនាកន្លងទៅ។
បើយោងតាមការចុះផ្សាយ របស់សារព័ត៌មានបារាំង L’Équipe កីឡាកររូបនេះនឹងលេងក្នុងប្រកួត សប្បុរសធម៌មួយនៅក្នុងស្រុកបារាំងជាមួយនឹងអតីតកីឡាករល្បីៗ មួយចំនួនដូចជា Laurent Blanc និង Didier Deschamps។
សូមជម្រាបផងដែរថា Hazard នាពេលនេះជាកីឡាករដែលគ្មានក្លឹប។ កីឡាកររូបនេះបានព្រមព្រៀងផ្ដាច់កុងត្រាជាមួយ Real Madrid កាលពីខែមិថុនា ឆ្នាំនេះ ក្រោយលេងនៅទីនោះអស់រយៈពេលជាង ៤ឆ្នាំ។
មានសារព័ត៌មានមួយចំនួនចុះផ្សាយថា អ្នកនៅស្រុកបារាំង ចាប់អារម្មណ៍ចង់នាំ Hazard ទៅលេង តែសាមីខ្លួនបានបដិសេធ ដែលបណ្ដាលឱ្យមាន មតិមួយចំនួនយល់ឃើញថា អតីតកីឡាករឆ្នើមរបស់ Chelsea រូបនេះអាចនឹងចូលនិវត្តន៍ពីពិភពបាល់ទាត់តែម្ដង៕