កីឡា

ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2030 នឹងធ្វើឡើងនៅ ប្រទេសចំនួន 6 ក្នុងទ្វីបចំនួន 3

អេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក ត្រូវបានដាក់ឈ្មោះជាសហម្ចាស់ផ្ទះ ដោយការប្រកួតបើកឆាកចំនួន 3 ធ្វើឡើង នៅអ៊ុយរូហ្គាយ អាហ្សង់ទីន និងប៉ារ៉ាហ្គាយ នៅក្នុងការប្រកួត បាល់ទាត់ពិភពលោក World Cup 2030 ។ ការប្រកួតបើកឆាក នៅអាមេរិកខាងត្បូង គឺដើម្បីប្រារព្ធខួបមួយ សតវត្សនៃការប្រកួត World Cup ព្រោះវានឹងមានរយៈពេល 100 ឆ្នាំ ចាប់តាំងពីការប្រកួតបើកឆាក ក្នុងទីក្រុង Montevideo។

FIFA ក៏បានបញ្ជាក់ នូវការដេញថ្លៃ ពីប្រទេសមកពីសហព័ន្ធបាល់ទាត់អាស៊ី ហើយសហព័ន្ធកីឡាបាល់ទាត់ អូសេអានី នឹងត្រូវបានពិចារណា សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ 2034 ។ បន្ទាប់ពីការសម្រេចពី FIFA អារ៉ាប៊ីសាអូឌីតបានប្រកាសថា ខ្លួននឹងដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះការប្រកួត បាល់ទាត់ពិភពលោក World Cup នៅឆ្នាំ 2034 ។

ការសម្រេចចិត្តរបស់ FIFA ក្នុងការធ្វើរៀបចំ ការធ្វើជាម្ចាស់ ផ្ទះការប្រកួតនៅ ទ្វីប ចំនួន 3 នេះបានទទួលរងការរិះគន់ ដោយមានអ្នកគាំទ្រម្នាក់ បានចោទប្រកាន់ស្ថាប័នគ្រប់គ្រង បាល់ទាត់ពិភពលោកថា បានចូលរួមក្នុងការបំផ្លាញការប្រកួតដ៏អស្ចារ្យបំផុត នៅលើផែនដី។ ដោយឡែក ប្រធាន FIFA លោក Gianni Infantino បាននិយាយថា៖ “នៅក្នុងពិភពលោកដែលបែកបាក់គ្នា FIFA និងបាល់ទាត់គឺរួបរួមគ្នា” ។

“ក្រុមប្រឹក្សា FIFA ដែលតំណាងឱ្យពិភពបាល់ទាត់ទាំងមូល បានយល់ព្រមជាឯកច្ឆ័ន្ទដើម្បីអបអរសាទរខួបមួយសតវត្សនៃ FIFA World Cup ដែលការប្រកួតលើកដំបូងត្រូវបានលេងនៅអ៊ុយរូហ្គាយក្នុងឆ្នាំ 1930 តាមរបៀបសមស្របបំផុត”។

“នៅឆ្នាំ 2030 យើងនឹងមានការបោះជំហានជាសកល ដោយរៀបចំការប្រកួតនៅ ទ្វីបចំនួនបី គឺ អាហ្រ្វិក អឺរ៉ុប និងអាមេរិកខាងត្បូង ដែល ប្រទេសចំនួន 6 រួមមាន អាហ្សង់ទីន ម៉ារ៉ុក ប៉ារ៉ាហ្គាយ ព័រទុយហ្គាល់ អេស្ប៉ាញ និងអ៊ុយរូហ្គាយ នឹងធ្វើជាសហម្ចាស់ផ្ទះស្វាគមន៍ និងបង្រួបបង្រួមពិភពលោក និងរៀបចំការប្រកួតដ៏ស្រស់ស្អាតជាមួយគ្នា។ រយៈពេល 100 ឆ្នាំ ជាមួយនឹង FIFA World Cup”។ នេះបើតាមការបញ្ជាក់ពីប្រធាន FIFA លោក Gianni Infantino ។

ទីក្រុង Montevideo ក្នុងប្រទេសអ៊ុយរូហ្គាយ ដែលជាទីក្រុងដែលធ្វើជាម្ចាស់ផ្ទះការប្រកួត World Cup លើកដំបូងក្នុងឆ្នាំ 1930 នឹងរៀបចំការប្រកួតបើក ឆាកនៅឆ្នាំ 2030 ហើយប្រទេសអាហ្សង់ទីន និងប៉ារ៉ាហ្គាយ នឹងរៀបចំការប្រកួតបន្តបន្ទាប់។ ប្រសិនបើសំណើឆ្នាំ 2030 ត្រូវបានអនុម័តនោះ ម៉ារ៉ុកនឹងក្លាយជាប្រទេសអាហ្វ្រិកទី 2 ដែលធ្វើជាម្ចាស់ផ្ទះ World Cup បន្ទាប់ពីអាហ្វ្រិកខាងត្បូងដែលបានរៀបចំការប្រកួតក្នុងឆ្នាំ 2010៕

Most Popular

To Top