ភ្នំពេញ៖ ទិវាកីឡាសម្រាប់ទាំងអស់គ្នា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”នាថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ ដោយមានការអញ្ជើញជាគណៈអធិបតីពីសំណាក់ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ប៊ូ ជុំសេរីអនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោក សាមឺឌី ស៊ីវឌ្ឍនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាក្នុងពហុកីឡដ្ឋានជាតិរៀបចំដោយនាយកដ្ឋានអប់រំកាយ និងកីឡា។
លោក កែ ប៊ុនខៀង បានមានប្រសាសន៍ថា ទិវាកីឡាសម្រាប់ទាំងអស់គ្នា ឆ្នាំ២០២៣ ជាកីឡាសម្រាប់ទាំងអស់គ្នាសំដៅដល់ទស្សនវិជ្ជាទូលំទូលាយក្នុងការជំរុញលើកទឹកចិត្តឲ្យមនុស្សគ្រប់ភេទ គ្រប់វ័យចូលរួមក្នុងសកម្មកីឡា ដើម្បីទទួលបានសុខភាព និងសុខុមាលភាពល្អ។ ការហាត់ប្រាណ និងលេងកីឡាជាផ្នែកមួយចាំបាច់ និងមានសារសំខាន់សម្រាប់មនុស្សគ្រប់រូប ដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ ផ្លូវចិត្ត សមត្ថភាពសរីរាងកាយ និងជាផ្នែកមួយជួយដល់ការអភិវឌ្ឍសង្គមជាតិ។ រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៅក្នុងបញ្ចកោណទី១ផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស និងក្រសួងអប់រំ យុវជន និងកីឡា ក៏បានធ្វើកំណែទម្រង់អនុវិស័យអប់រំកាយ និងកីឡា ជំរុញចលនា “ប្រជាជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត”។
លោករដ្ឋលេខាធិការបានបន្តថា កីឡាបានដើរតួយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងសង្គមវប្បធម៌ ទាំងក្នុងតំបន់ និងលើពិភពលោក។ បច្ចុប្បន្នពិភពលោកបានទទួលស្គាល់ថា កីឡាគឺជាឧបករណ៍មួយដ៏សំខាន់ ដើម្បីទទូលបានសុខភាពល្អ ភាពជោគជ័យក្នុងការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ ប្រកបដោយភាពសុខដុមនីយកម្ម។
លោកប៉ែន វុទ្ធី ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាបាននិយាយថា ទិវាកីឡាសម្រាប់ទាំងអស់គ្នាឆ្នាំ២០២៣ ក្រោមប្រធានបទ”ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត” ។ ដោយអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៣ របស់នាយកដ្ឋានអប់រំកាយ និងកីឡា និងការអនុញ្ញាតជាគោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានអប់រំកាយ និងកីឡា រៀបចំទិវាកីឡាសម្រាប់ទាំងអស់គ្នាឆ្នាំ២០២៣ ប្រព្រឹត្តទៅ នៅ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងគោលបំណងផ្សព្វផ្សាយឲ្យប្រជាជនយល់ដឹងពីសារៈប្រយោជន៍ នៃការហាត់ប្រាណនិងលេងកីឡា ដើម្បីលើកកម្ពស់សុខភាព សុខុមាលភាព ភាពសប្បាយរីករាយ សាមគ្គីភាពរបស់ប្រជាជន និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ។
ការរៀបចំទិវាកីឡាសម្រាប់ទាំងអស់គ្នា(Sport for All) ឆ្នាំ២០២៣នេះ ប្រភេទកីឡារួមមានទាញព្រ័ត្រសីស្លាបខ្មែរ ហាត់ប្រាណតាមចង្វាក់ភ្លេង រត់ជាក្រុមចម្ងាយ៥គីឡូ ដោយសិស្សមកពីសិស្សានុសិស្សមកពីសាលាវិទ្យាល័យបាក់ទូក សិស្សានុសិស្សមកពីសាលាវិទ្យាល័យព្រះយុគន្ធរ មហាជននៅរាជធានីភ្នំពេញ៕ ដោយ៖លី ភីលីព





