ភ្នំពេញ៖ ទិវាកីឡាសម្រាប់ទាំងអស់គ្នាឆ្នាំ២០២៣ ក្រោមប្រធានបទ“ ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”ថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ដោយមហាជន និងសិស្សានុសិស្សប្រហែល ៧៧៦ នាក់រៀបចំដោយនាយកដ្ឋានអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព សុខុមាលភាព ភាពសប្បាយរីករាយ សាមគ្គីភាពរបស់ប្រជាជន និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ។
លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាបាននិយាយថា ទិវាកីឡាសម្រាប់ទាំងអស់គ្នាឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅ នៅ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងគោលបំណងផ្សព្វផ្សាយឲ្យប្រជាជនយល់ដឹងពីសារៈប្រយោជន៍ នៃការហាត់ប្រាណនិងលេងកីឡា ដើម្បីលើកកម្ពស់សុខភាព សុខុមាលភាព ភាពសប្បាយរីករាយ សាមគ្គីភាពរបស់ប្រជាជន និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ។
ការរៀបចំទិវាកីឡាសម្រាប់ទាំងអស់គ្នា(Sport for All) ឆ្នាំ២០២៣នេះមានកីឡាចំនួន ៤ ប្រភេទរួមមានទាញព្រ័ត្រ សីស្លាបខ្មែរ ហាត់ប្រាណតាមចង្វាក់ភ្លេង រត់ជាក្រុមចម្ងាយ៥គីឡូ ចូលរួមពីមហាជន និងសិស្សានុសិស្សប្រហែល ៧៧៦ នាក់សិស្សានុសិស្សមកពីសាលាវិទ្យាល័យបាក់ទូក ចំនួន២៥០នាក់ សិស្សានុសិស្សមកពីសាលាវិទ្យាល័យព្រះយុគន្ធរចំនួន១៥០នាក់ មហាជននៅរាជធានីភ្នំពេញចំនួន២២២នាក់។
លោកប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាបន្តថា កីឡាទាញព្រ័ត្រ (បុរស-នារី) ចំនួន១០០នាក់ ចែកចេញជា ១០ក្រុម ទីលានស្ថិតនៅផ្នែកខាត្បូងក្រោយបង្គោលទីលានបាល់ទាត់។ កីឡាសីស្លាបខ្មែរ(បុរស នារី)ចំនួន ៧៦នាក់ ចែកជាក្រុម ទីលានស្ថិតនៅផ្នែកខាងជើងក្រោយបង្គោលទីលានបាល់ទាត់។ ហាត់ប្រាណតាមចង្វាក់ភ្លេង(បុរស នារី)ចែកជាក្រុមចំនួន២៣៥នាក់ នៅលើទីលានបាល់ទាត់ និងរត់ជាក្រុមចម្ងាយ៥គីឡូ (បុរស នារី)ចំនួន២១១នាក់ ជុំវិញទីលានបាល់ទាត់។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ តាងនាមគណៈកម្មការរៀបចំទិវា សូមថ្លែងអំណរគុណបំផុត ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បងប្អូនមហាជន សិស្សានុសិស្សទាំងអស់ បានគាំទ្រចូលរួមយ៉ាងច្រើនកុះករ។
ទិវាកីឡាសម្រាប់ទាំងអស់គ្នា ឆ្នាំ២០២៣នេះដោយមានការអញ្ជើញជាគណៈអធិបតីពីសំណាក់ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ប៊ូ ជុំសេរីអនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោក សាមឺឌី ស៊ីវឌ្ឍនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាក្នុងពហុកីឡដ្ឋានជាតិរៀបចំដោយនាយកដ្ឋានអប់រំកាយ និងកីឡា៕ ដោយ៖លី ភីលីព