ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីយូដូរបស់ក្រសួងការពារជាតិគ្រង់តំណែងជើងឯកនៃព្រឹត្តិការណ៍ការប្រកួតកីឡាយូដូជ្រើសរើសជើងឯកឆ្នាំ២០២៣ បន្ទាប់ពីក្រុមនេះដណ្តើមបានមេដាយមាសច្រើនជាងគេក្នុងចំណោមសមាគម និងក្លិបកីឡាយូដូចូលរួមការប្រកួតដែលប្រព្រឹត្តិចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៣ នៅសាលហ្វឹកហាត់ដំបូលសហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។
ក្នុងឱកាសប្រគល់ជយលាភី និងមេដាយជូនក្រុមកីឡាករ-កីឡាការិនីយូដូដែលជាម្ចាស់មេដាយនាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ពីសំណាក់លោក ហេង លី ប្រធានខេមរសហព័ន្ធកីឡាយូដូ លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល ។
ក្រុមកីឡាករ-កីឡាការិនីយូដូរបស់ក្រសួងការពារជាតិ ដណ្តើមបានមេដាយច្រើនជាងគេ គឺមេដាយមាសចំនួន ៩ គ្រឿង មេដាយប្រាក់ ៧ គ្រឿង និងមេដាយសំរិទ្ធ ៧ គ្រឿង និងចំណាត់ថ្នាក់លេខ ២ ក្រុមកីឡាករ-កីឡាការិនីយូដូរបស់ខេត្តសៀមរាប ដណ្តើមបានមេដាយមាសចំនួន ៤ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធ ៦ គ្រឿង។
ចំណែកចំណាត់ថ្នាក់លេខ ៣ ក្រុមកីឡាករ-កីឡាការិនីយូដូរបស់អូឡាំពិកដណ្តើមបានមេដាយមាសចំនួន ៤ គ្រឿង និងមេដាយប្រាក់ ៣ គ្រឿង ចំណាត់ថ្នាក់លេខ ៤ ក្រុមកីឡាករ-កីឡាការិនីយូដូរបស់ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាសចំនួន ២ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង និងចំណាត់ថ្នាក់លេខ ២ ក្រុមកីឡាករ-កីឡាការិនីយូដូរបស់ JJMC ដណ្តើមបានមេដាយមាសចំនួន ១ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង៕ ដោយ៖លី ភីលីព







