តំបន់អាស៊ីអាគ្នេយ៍ ត្រូវបានគេស្គាល់ថាមាន ១១ប្រទេសនៅក្នុងតំបន់នេះ ដោយក្នុងនោះរួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ទីម័រឡេស្តេ ថៃ និងវៀតណាម។ យ៉ាងណាមិញ នៅក្នុងតំបន់នេះមានសហព័ន្ធបាល់ទាត់តំបន់មួយ ដែលមានឈ្មោះថា សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ ឬ ហៅកាត់ជាភាសាអង់គ្លេសថា AFF។ AFF ត្រូវបានបង្កើតនៅឆ្នាំ១៩៨២ ហើយកម្ពុជាចូលជាសមាជិកនៅឆ្នាំ១៩៩៦។
ទោះជាអាស៊ីអាគ្នេយ៍មាន ១១ប្រទេស យ៉ាងណាមិញ AFF មានសមាជិក ១២ប្រទេស។ សមាជិកមួយទៀតនោះគឺ ប្រទេសអូស្ត្រាលី។
អូស្ត្រាលីបានចូលជាសមាជិក AFF នៅឆ្នាំ២០១៣។
បាល់ទាត់ប្រទេសនេះដំបូងឡើយស្ថិតនៅក្នុងសហព័ន្ធទ្វីបអូសេអានី (OFC)។ ក្រោយមក អូស្ត្រាលីក៏ចាកចេញពី OFC ហើយចូលជាសមាជិកសហព័ន្ធបាល់ទាត់អាស៊ី (AFC) នៅឆ្នាំ២០០៦។
មូលហេតុដែលអូស្ត្រាលីចូលលេងជាមួយអាស៊ាន និងទ្វីបអាស៊ីទាំងមូល ក៏ព្រោះតែប្រទេសនេះចង់បានភាពប្រកួតប្រជែងផ្នែកបាល់ទាត់ទាំងផ្នែកជម្រើសជាតិ ទាំងផ្នែកក្លឹបបាល់ទាត់ ហើយអាចឈានជើងចូលលេងនៅព្រឹត្តិការណ៍ FIFA World Cup ទៀតផង៕
ប្រភព៖ sabay