ភ្នំពេញ៖ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣–ព្រឹត្តិការណ៍កីឡារត់ប្រណាំងកម្សាន្ត AIA Pink Run ដើម្បីអបអរសាទរជោគជ័យដ៏ត្រចះត្រចង់នៃព្រឹត្តិការណ៍ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម (SEA Games-ASEAN Para Games) ឆ្នាំ២០២៣ និងរត់កម្សាន្ត ដើម្បីសប្បុរសធម៌ និងកាត់បន្ថយជំងឺមហារីកសុដន់ (AIA Pink Run) ត្រូវបានប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នៅមុខសួនច្បារវត្ត បទុមវត្តី រាជធានីភ្នំពេញ ដោយមានអ្នកចូល រួមរត់ប្រកប ដោយស្នាមញញឹម សប្បាយរីករាយជាង ៣៦០០នាក់ ខណៈនាយករៀបចំបានចាត់ទុកថា នេះជាសន្ទុះគាំទ្រ ដល់ខ្លាំងក្លាបំផុតមិនធ្លាប់មាន ។

លោកបណ្ឌិត ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍កីឡារត់ប្រណាំងកម្សាន ដើម្បីអបអរសាទរសមិទ្ធផល និង ជោគជ័យ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ព្រឹកនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត “AIA” រៀបចំកម្មវិធីរត់កម្សាន្ត ដើម្បីអបអរសាទរជោគជ័យ ដ៏ត្រចះត្រចង់នៃព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំថ្មីៗនេះ ក្រោមប្រធានបទ “កីឡារស់ក្នុងសន្តិភាព” ។

លោកបណ្ឌិត ទេសរដ្ឋមន្ត្រី ថោង ខុន បានគូសបញ្ជាក់ទៀតថា យើងទាំងអស់រត់កម្សាន្ត ដើម្បីសប្បុរសធម៌ និងកាត់បន្ថយជំងឺមហារីកសុដន់ រត់ដើម្បីភាពស្អាត និងបៃតង ពិសេសរត់ដើម្បីសុខភាព សាមគ្គីភាព និងមិត្តភាព។ ព្រឹកនេះ អត្តពលិកជាតិ-អន្តរជាតិ បានចូលរួមរត់កម្សាន្តទាំងអស់ ចំនួន ៣,៦០១ នាក់ ក្នុងនោះ អត្តពលិកជាតិ ចំនួន ៣,៣៥០ នាក់ និងអ្នករត់បរទសស្នាក់នៅកម្ពុជា ចំនួន ២៥១នាក់។ «សូមអ្នករត់កម្សាន្តទាំងអស់ គោរពគ្នាទៅវិញទៅមក គោរពបទបញ្ហាបច្ចេកទេស ប្រុងប្រយ័ត្នគ្រោះថ្នាក់ជាយថាហេតុ និងសូមរត់ដោយក្តីមោទនៈ និងសប្បាយរីករាយ។ កីឡារស់ក្នុងសន្តិភាព” “ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត” សូមជួបគ្នាម្តងទៀត នាឆ្នាំ២០២៤»។

ថ្លែងក្រោយបញ្ចប់ព្រឹត្តិការណ៍រត់កម្សាន្តនេះ លោក សែម ផល្លា នាយកចាត់ការទូទៅព្រឹត្តិការណ៍ កីឡារត់ប្រណាំងរបស់កម្ពុជា គូសបញ្ជាក់ថា នេះជាការរៀបចំឡើងជាលើកទី១ ដើម្បីអបអរសមិទ្ធផល ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ។ អ្វីជាការកត់សម្គាល់ ការផ្សព្វផ្សាយចុះឈ្មោះទទួលអ្នកចុះឈ្មោះចូលរួមរត់ប្រណាំង មានរយៈពេលត្រឹមតែ១ខែប៉ុណ្ណោះ ប៉ុន្តែគណៈកម្មការទទួល បានអ្នករត់ជាតិ និងអន្តរជាតិជាង ៣៦០០នាក់ ដោយចំនួនដ៏ច្រើននេះបញ្ជាក់ឲ្យឃើញពីទឹកចិត្តរបស់កីឡាករ កីឡាការិនី ប្រជាជនកម្ពុជាយើងស្រឡាញ់ និងមានមោទនភាពចូលរួមរត់ប្រណាំង ។ ចំនួនអ្នករត់ដ៏ច្រើន ដែលបើកការចុះឈ្មោះក្នុងរយៈពេលខ្លីបែបនេះ អាចចាត់ទុកថា នេះជាការលើកដំបូង ដែលទទួលបាន ការគាំទ្រយ៉ាងខ្លាំងក្លា ដែលតាមធម្មតា ចំនួនអ្នកចុះឈ្មោះជាង ៣៦០០នាក់ គឺត្រូវចំណាយពេលពី៣ខែ ទៅ៤ខែឯណោះ ទើបទទួលចំនួនច្រើនបែបនេះ។

នាយកចាត់ការទូទៅរូបនេះពន្យល់ទៀតថា «យើងបានបិទបញ្ជីចុះឈ្មោះ មុនរយៈពេល១០ថ្ងៃ មុនការរត់កម្សាន្តចូលមកដល់ថ្ងៃទី២២ខែតុលានេះ ដោយសារកង្វះខាត សម្ភារបច្ចេកទេស (លេខ មេដាយ អាវ…) ដោយសារត្រូវកម្ម៉ង់ ធ្វើពីក្រៅប្រទេស ក្នុងពេលដែលចំនួន អ្នកចុះឈ្មោះកំពុង សម្រុកលើការចុះឈ្មោះនៅឡើយ ។ ប្រសិនបើយើងបន្តបើកដល់ថ្ងៃរត់ប្រណាំងតែម្តង ចំនួននេះអាចនឹងកើនឡើងដល់ជាង៤០០០នាក់ ឬអាចជិត ៥០០០នាក់» ។
លោក សែម ផល្លា បានសង្កត់ធ្ងន់ថា «នេះជាសន្ទុះគាំទ្រដ៏ខ្លាំងក្លារបស់ប្រជាជនកម្ពុជា ក៏ដូចជាអ្នករត់អន្តរជាតិជាច្រើនទៀត ដែលចូលរួមរត់កម្សាន្តនេះ ដើម្បីរម្លឹកនូវអនុស្សាវរីយ៍នៃការរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ដែលកម្ពុជាទទួល ធ្វើម្ចាស់ផ្ទះប្រកបដោយភាពជោគជ័យដ៏ត្រចេះត្រចង់ ក៏ដូចជាព្រឹត្តិការណ៍ កីឡាមួយ ដែលប្រកបដោយអត្ថន័យ ខ្លឹមសារដ៏ធំធេងរបស់ជាតិយើងផងដែរ ។ បំណងរបស់អ្នករត់ប្រណាំង ទាំងឡាយចង់ឲ្យរៀបចំ ព្រឹត្តិការណ៍ កីឡាបែបនេះឲ្យបានរៀងរាល់ឆ្នាំដើម្បីរម្លឹកនូវការចងចាំដ៏ល្អៗ ព្រមទាំងរត់ប្រណាំង ដើម្បីសប្បុរសធម៌ សុខភាព មិត្តភាព សាមគ្គីភាពទៀតផង»។

នាយកចាត់ការទូទៅទិវារត់ប្រចាំកម្ពុជារូបនេះ បានចាត់ទុកថា ចំនួនកើនឡើងក្នុងទិវារត់ប្រណាំងមួយនេះ ក៏បានបង្ហាញពីទឹកចិត្តស្រឡាញ់ ចូលរួមរបស់ប្រជាជនកម្ពុជា ដោយពួកគាត់កាន់តែយល់ ដឹងពីការចូលរួមចំណែកក្នុងសង្គមជាតិ តាមរយៈវិស័កីឡា ជាសេសគឺប្រជាជនកម្ពុជា កាន់តែយល់ដឹងកាន់តែស៊ីជម្រៅ នៃចូលរួមលេងកីឡា ការរត់ប្រណាំង ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ស្របពេលដែលឪពុកម្តាយ មួយចំនួនបាននាំកូនតូចៗ ចូលរួមរត់ប្រណាំងកម្សាន្ត ដើម្បីបណ្តុះស្មារតីស្រឡាញ់កីឡា ដល់កុមារ និងយុវជនកម្ពុជាឲ្យចូលរួម ក្នុងសកម្មភាពកីឡា កាន់តែច្រើនឡើងបន្ថែមទៀត៕
